សិង្ហបុរី ក្លាយជាទីក្រុងមានជាងគេលំដាប់ទី៤ លើពិភពលោក
សេដ្ឋកិច្ច May 9, 2024 Khmernote

សិង្ហបុរី បានមើលឃើញពីការកើនឡើងបុគ្គលដែលមានទ្រព្យលើសពី ១លានដុល្លារចំនួន ៣៤០០នាក់ កាលពីឆ្នាំ២០២៣ ដែលធ្វើឱ្យសិង្ហបុរីជាប់ឈ្មោះជាទីក្រុងដែលមានទ្រព្យសម្បត្តិច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន VNExpress កាលពីថ្ងៃទី០៨ ខែឧសភាព​ ឆ្នាំ២០២៤។

បើយោងតាមរបាយការណ៍របស់ The Straits Times ដោយដកស្រង់សម្តីអ្នកប្រឹក្សា​លើ​ការ​វិនិយោគ​នៅ​បរទេស Henley & Partners ឈ្មោះថា “2024 Wealthiest Cities Report” បានបង្ហាញថា បច្ចុប្បន្នសិង្ហបុរី មានសេដ្ឋីប្រាក់លានចំនួន ២៤៤ ៨០០នាក់ ហើយសេដ្ឋីដែលមានទ្រព្យសម្បត្តិចាប់ពី ១០០លានដុល្លារឡើងមានចំនួន ៣៣៦នាក់ និងមហាសេដ្ឋីប្រាក់ពាន់លានដុល្លារមានចំនួន ៣០នាក់។

ជាមួយគ្នានេះ របាយការណ៍បានកត់សម្គាល់ថា ប្រទេសសិង្ហបុរីបានមើលឃើញចំនួនមហាសេដ្ឋីរបស់ខ្លួនកើនឡើង ៦៤% ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៣។ គួរបញ្ជាក់ផងដែរថា ទីក្រុងដែលមានអ្នកមានទ្រព្យសម្បត្តិច្រើនដាច់គេនៅលើពិភពលោកនោះ គឺទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក ដែលមានអ្នកមានទ្រព្យសម្បត្តិរាប់លានបានកើនឡើង ៤៨% ក្នុងទសវត្សរ៍ចុងក្រោយនេះ ក្នុងឆ្នាំ២០២៣ ខណៈទីក្រុងតូក្យូរបស់ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣ ជាមួយនឹងចំនួនមហាសេដ្ឋីចំនួន ២៩៨,៣០០នាក់ ថយចុះ ៥% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress