រយៈពេល៤ខែ ឆ្នាំ២០២៤ នេះ កម្ពុជារកចំណូលបានជាង ៨៦០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ខណៈតំបន់អឺរ៉ុប បានបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ
សេដ្ឋកិច្ច May 9, 2024 Khmernote

យោងតាមទិន្នន័យរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ៨៦០លានដុល្លារ ពីការនាំចេញស្រូវ-អង្ករ ខណៈតំបន់អឺរ៉ុប បានបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ។

ជាមួយគ្នានេះដែរ ពីខែមករា ដល់ខែមេសា កម្ពុជាសម្រេចបានការនាំចេញអង្ករជាង ២៤៨ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៧០.២០លានដុល្លារ ទៅកាន់គោលដៅដែលបាននាំចេញមានចំនួន ​៦០ប្រទេស ក្នុងនោះតំបន់អឺរ៉ុប នាំមុខគេដោយបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១០៥ ៧៩៩ តោន ឬស្មើ ៨១,៦២លានដុល្លារ ខណៈប្រទេសចិនរួមទាំងហុងកុង និងម៉ាកាវចំនួន ៦៧,៤៥៧ តោន គិតជាទឹកប្រាក់ ៤២.២៨ លាន ដុល្លារសហរដ្ឋ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើតចំនួន ៧ប្រទេសបានបរិមាណចំនួន ៥៣,៧៦៦ តោន គិតជាទឹកប្រាក់ ២៧.៧៤ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ២៤ ផ្សេងទៀតអាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ២១,៤៦៩ តោន គិតជាទឹកប្រាក់ចំនួន ១៨.៥៧ លានដុល្លារសហរដ្ឋអាមេរិក។

ចំពោះប្រភេទអង្ករដែលបាននាំចេញ ក្នុងនោះអង្ករក្រអូបចំនួន ៧៣.០៧ % ប្រភេទអង្ករស ធម្មតា ២៣.១៨% អង្ករចំហ៊ុយ ២.២១ % អង្ករសរីរាង្គចំនួន ១.៣២% និងអង្ករផ្សេងៗចំនួន ០.២២% ។ ក្នុងរយៈពេលដដែលនេះ កម្ពុជាបាននាំចេញស្រូវទៅកាន់ប្រទេសជិតខាង ២ ៤១៩ ៣១៧ តោន ដែលគិតជាទឹកប្រាក់ ៦៩៣លានដុល្លារ ក្នុងនោះ ៧២ភាគរយ បានឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕