កម្ពុជា ក្លាយជាប្រទេសនាំអង្ករចេញ (ទាំងស្រូវនិងអង្ករ) លេខរៀងទី៧ លើពិភពលោក នៅឆ្នាំ២០២៣/២០២៤
សេដ្ឋកិច្ច May 6, 2024 Khmernote

យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កម្ពុជាក្លាយជាប្រទេសនាំអង្ករចេញ (ទាំងស្រូវនិងអង្ករ) លេខរៀងទី៧ លើពិភពលោក នៅឆ្នាំ ២០២៣/២០២៤។

តាមរយៈការបង្ហោះកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ដោយឡែកនៅក្នុងរយ:ពេល៤ ខែឆ្នាំ ២០២៤ នេះបរិមាណនាំចេញកើនឡើងថែមជាង ៣០ភាគរយ បើធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅឆ្នាំ ២០២៣។ ទន្ទឹមនឹងនេះ ក្នុងមួយឆ្នាំកម្ពុជាផលិតស្រូវបានជាង ១២លានតោន ឬជាង ៧លានតោនអង្ករ ដែលលើសពីតំរូវការក្នុងស្រុកប្រមាណ ៥០ ភាគរយ។

ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់បន្ថែមផងដែរថា វិស័យស្រូវអង្ករកម្ពុជាមិនត្រឹមតែជោគជ័យក្នុងការផលិតស្បៀងសម្រាប់ធានាបានសន្តិសុខស្បៀងជូនជាតិទេគឺថែមទាំងចូលរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ។ គោលដៅទៅមុខរបស់យើងគឺបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ជាពិសេសគាំទ្រឲ្យមានការបង្កើនប្រាក់ចំណូលជូនកសិករអ្នកផលិតស្បៀង៕

អត្ថបទ៖ លីនី
ប្រភព៖ ផេកផ្លូវការរបស់ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ