គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពស្តង់ដារបច្ចេកទេសខ្ពស់
សេដ្ឋកិច្ច May 6, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ យកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។ បើគ្មានការប្រែប្រួលទេ គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ នឹងសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។

ឯកឧត្តម ខាន់ ម៉ាណេរ បានអោយដឹងថា តាមការគ្រោងទុក ការងារនឹងបញ្ចប់ក្នុងដំណាច់ខែមិថុនាឆ្នាំ២០២៤ ក្រោយពីបំពេញបន្ថែមការងារបំពាក់សម្ភារៈ បរិក្ខាសុវត្តិភាពរួច អាចនឹងរៀបចំបែបបទប្រគល់ទទួលបញ្ចប់គម្រោងបណ្ដោះអាសន្ននៅចុងខែសីហា ឆ្នាំ២០២៤នេះ ពោលគឺមានន័យថាបញ្ចប់មុនកិច្ចសន្យារយៈពេល១ឆ្នាំ។

មន្ត្រីបច្ចេកទេសពាក់ព័ន្ធ ភាគីក្រុមហ៊ុនសាងសង់ CRBC ព្រមទាំងក្រុមហ៊ុនត្រួតពិនិត្យលក្ខណ:បច្ចេកទេស WACC តែងយកចិត្តទុកដាក់ និងពិនិត្យជាក់ស្តែងលើវឌ្ឍនភាពការងារដូចជាការកាយដីសម្អាតពង្រីកផ្លូវមុខបន្ថែមក្រោមស្ពានផ្លូវវាងផ្សារបន្ទាយមាសត្រង់គីឡូម៉ែត្រលេខ 35+750 ដាក់លូបង្ហូរទឹកកាត់ផ្លូវតភ្ជាប់ទល់ខ្លោងទ្វារវត្តស្រែរនោង និងបន្ថែមដែកក្បាំង guard rail ការពារលូប្រអប់ ដោយលទ្ធផលការងារគម្រោងជារួមគិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤សម្រេចបាន៧៨,៤៣%ហើយ។

គួរបញ្ជាក់ថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) បានលេចចេញវឌ្ឍនភាពជាមោទកភាព។ ទន្ទឹមនឹងនោះ ការចុះពិនិត្យជាប្រចាំ តែងបានធ្វើឡើងដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុនសំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យបានការសាងសង់មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង៕