យោងតាមការចុះនៅលើផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និងរាជធានីភ្នំពេញ បានចាប់ផ្ដើមជើងហោះហើរឡើងវិញ និងបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ នេះផងដែរ។
សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជារីករាយបន្តស្វាគមន៍យ៉ាងកក់ក្តៅបំផុតដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកមកកាន់កម្ពុជា ទន្ទឹមនឹងកម្ពុជា បាន និងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាអាកាសដ្ឋានលំដាប់ថ្នាក់ 4F ដើម្បីត្រៀមលក្ខណៈ និងពង្រីកនូវសមត្ថភាពទទួលនូវជើងហោះហើរកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា ជាមួយនឹងគោលដៅពង្រីកសមត្ថភាពទទួលអ្នកដំណើរឱ្យបាន ១៣លាននាក់ក្នុងមួយឆ្នាំ ក្រោយសាងសង់ដំណាក់កាលទី១ (២០២០-២០៣០) រួចរាល់ជាស្ថាពរ។
សូមរីករាយក្នុងការធ្វើដំណើរមកកាន់កម្ពុជា ក៏ដូចជាឈ្វេងយល់ពីសក្តានុពលនានាដែលមាននៅកម្ពុជា៕



ប្រភព៖ ផេកផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ដេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា


