រាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋមានរថយន្តល្អជិះ និងមានតម្លៃទាប ដើម្បីអាចបំពេញតម្រូវការនៅក្នុងគ្រួសារមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ
សេដ្ឋកិច្ច May 2, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលចង់ឱ្យប្រជាពលរដ្ឋមានរថយន្តល្អជិះ និងមានតម្លៃទាប ដើម្បីអាចបំពេញតម្រូវការនៅក្នុងគ្រួសារមានលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធរោងចក្រ ដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍វិស័យឯកជន និងក្រុមហ៊ុនរបស់ជប៉ុន បន្តមកវិនិយោគ និងបណ្ដាក់ទុននៅកម្ពុជាបន្តទៀត លើការដំឡើងរថយន្ត ការវិនិយោគលើខ្ចៅ ឬពូករថយន្តជាដើម។

សម្ដេចធិបតីបានបញ្ជាក់ថា ការបើករោងចក្រផលិតនៅក្នុងប្រទេសនេះ មិនចំណាយថ្លៃពន្ធនាំចូល ហើយនឹងធ្វើឱ្យប្រជាជនអាចទិញរថយន្ដប្រើប្រាស់ក្នុងតម្លៃសមរម្យ និងថ្មី ដែលរាជរដ្ឋាភិបាលចង់បាន ដើម្បីបង្កើនជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈកាត់បន្ថយការចំណាយលើផលិតផលនៅលើទីផ្សារ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការប្រើប្រាស់រថយន្តតូយ៉ូតា ហើយមានគ្រឿងបន្លាស់ងាយស្រួលប្រជាពលរដ្ឋក្នុងការជួសជុលផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា ការដំឡើងរថយន្តតូយ៉ាតានៅកម្ពុជានាពេលនេះ បានផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ និងបង្ហាញនូវមោទនភាពសម្រាប់ប្រជាជាតិកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន