កម្ពុជា-ចិន ចុះហត្ថលេខាលើពិធីសារចំនួនពីរ ដើម្បីអភិវឌ្ឍន៍កសិកម្ម និងលក្ខខណ្ឌនៃការនាំចេញចំណីសត្វសុនខធ្វើពីស្បែកគោ នៅកម្ពុជាទៅចិន
សេដ្ឋកិច្ច April 23, 2024 Khmernote

កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរនៅក្នុងប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។

ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមជម្រាបថា ពិធីសារទាំងពីរ ដែលឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមចុះហត្ថលេខា ក្រោមអធិបតីភាព ឯកឧត្តម វ៉ាង យី និង ឯកឧត្តម ស៊ុន ចាន់ថុល គឺ វិញ្ញាបនបត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា និងពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វសុនខពាក់កណ្តាលសម្រេច ធ្វើពីស្បែកគោ សម្រាប់នាំចេញពីប្រទេសកម្ពុជា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ