កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗ ៣ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការសម្រប សម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧
សេដ្ឋកិច្ច April 22, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែល​ដឹកនាំដោយឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយា​ល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការ​បរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះ ឯកសារសំខាន់ៗមួយចំនួន ត្រូវបានចុះហត្ថលេខា ដើម្បី​ពង្រឹង​បន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិ​ការ​លើ​គ្រប់វិស័យ។ ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

ឯកសារសំខាន់ៗទាំងនោះរួមមាន ១. ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយរបស់​សាធារណរដ្ឋប្រជាមានិតចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទ ដំណាក់កាលទី២។ ២. វិញ្ញា​បន​បត្រប្រគល់-ទទួលនៃគម្រោងផែនការមេអភិវឌ្ឍន៍កសិកម្មកម្ពុជា។ ៣. ពិធីសារទាក់ទងនឹង​ការ​ធ្វើ​ចត្តាឡីស័ក និងលក្ខខ័ណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីឆ្កែពាក់កណ្តាលសម្រេច ធ្វើពី​ស្បែក​គោសម្រាប់នាំចេញពីប្រទេសកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ទន្ទឹមនេះដែរ ក៏​មាន​​ពិធី​សម្ពោធជាផ្លូវការនៃសៀវភៅកំណត់ហេតុរបស់នគរចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀម​ទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ និងពិធីអបអរនៃការនាំចេញដូងស្រស់របស់ប្រទេសកម្ពុជា​ទៅកាន់​សាធារណរដ្ឋប្រជាមានិតចិន។

គួរបញ្ជាក់ដែរថា ឯកឧត្តម WANG Yi សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយា​ល័យ​គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី២១ ខែ មេសា ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជារយៈពេលបីថ្ងៃ (ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤)។ ដំណើរទស្សនកិច្ចនាពេលនេះ ធ្វើឡើងស្របពេលនឹងការ​ប្រារព្ធ​ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែកដល់ការពង្រឹង​មិត្ត​ភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការ កសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង​ស្តង់ដារ​ខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៅ​ក្នុង​វេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជន​ទាំងពីរ៕

ប្រភព៖ ក្រសួងព័ត៌មាន