នាយករដ្ឋមន្រ្តីវៀតណាម ស្នើសុំមេធំក្រុមហ៊ុន Apple ធ្វើឱ្យ​វៀតណាម​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​របស់ក្រុមហ៊ុនសម្រាប់ទីផ្សារពិភពលោក
សេដ្ឋកិច្ច April 17, 2024 Khmernote

លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានស្នើឱ្យលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ជួយធ្វើឱ្យប្រទេសវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារពិភពលោករបស់ខ្លួន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃអង្គារ ទី១៦ ម្សិលមិញនេះបានឱ្យដឹងថា លោក Chinh បានប្រាប់ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Apple នៅការិយាល័យរដ្ឋាភិបាលនៅទីក្រុងហាណូយ ថា លោកសូមកោតសរសើរចំពោះការពង្រីករបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានបង្កើតការងារចំនួន ២០០,០០០កន្លែង។

ទន្ទឹមនឹងនោះ លោកបានជំរុញឱ្យក្រុមហ៊ុនជួយគាំទ្រប្រទេសវៀតណាមក្នុងការផលិតផលិតកម្មបៃតង និងផលិតកម្មថាមពលស្អាត ទន្ទឹមនឹងនោះ ក៏កំពុងអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដើម្បីធ្វើឱ្យប្រទេសក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ខ្លួន ខណៈលោកនាយក​រដ្ឋមន្ត្រី​បាន​សន្យា​ថា​ នឹង​បង្កើត​ក្រុម​ការងារ​ដើម្បី​ជួយ​ដល់​ប្រតិបត្តិការ​របស់ Apple នៅ​ប្រទេស​វៀតណាម។

សូមបញ្ជាក់ផងដែរថា លោក Tim Cook បាននិយាយថា គាត់កំពុងមានដំណើរកម្សាន្តនៅប្រទេសវៀតណាម ដែលគាត់បានជួបជាមួយអ្នកអភិវឌ្ឍន៍ក្នុងស្រុកជាច្រើន។ លោកបានបន្ថែមថា លោកចង់បង្កើនភាពជាដៃគូ និងការវិនិយោគប្រកបដោយគុណភាពខ្ពស់នៅក្នុងប្រទេស។ ជាមួយគ្នានេះដែរ មុនពេលជួបជាមួយនាយករដ្ឋមន្ត្រី Chinh លោក Cook បានទៅទស្សនាសាលាបឋមសិក្សា និងអនុវិទ្យាល័យ Ngoi Sao ក្នុងស្រុក Thanh Xuan ជាកន្លែងដែលគាត់បានចូលរួមក្នុងថ្នាក់វិទ្យាសាស្ត្រ ដែលសិស្សទាំងអស់បានប្រើប្រាស់ iPad ។ ហើយកាលពីថ្ងៃច័ន្ទ ថ្មីៗនេះ លោក Cook បានចុះចតនៅទីក្រុងហាណូយ ហើយបានចំណាយពេលដើរជុំវិញបឹង Hoan Kiem ដ៏ល្បីល្បាញរបស់ទីក្រុងហាណូយ ហើយនៅព្រឹកថ្ងៃអង្គារ គាត់ក៏បានជួបជាមួយអ្នកបង្កើតកម្មវិធីល្បីៗជាច្រើននៅលើ App Store ផងដែរ៕

អត្ថបទ៖ លីនី