គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងតម្លៃជាង៣០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន
សេដ្ឋកិច្ច April 12, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ “គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀង” ដើម្បីពង្រីកការទទួលបានសេវាទឹកស្អាតក្នុងខេត្ត។

គម្រោងនេះទទួលបានហិរញ្ញប្បទានឥតសំណងជាង៣០លានដុល្លារ ពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលនេះជាដំណាក់កាលថ្មីដ៏សំខាន់មួយទៀត នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់ខេត្តស្វាយរៀង។ ពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមានការអញ្ជីញចូលរួមពីថ្នាក់ដឹកនាំក្រសួង ឧ.វ.ប.ន ក្រសួង/ស្ថាប័នពាក់ព័ន្ធ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារ JICA រដ្ឋបាលក្រុងគីតាឃ្យូស៊ុ-ជប៉ុន រដ្ឋបាលខេត្តស្វាយរៀង អាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពចំណុះខេត្ត ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុនសាងសង់ និងយាយជី តាជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ សរុបប្រមាណ ៦០០ នាក់។

ខេត្តស្វាយរៀងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនឹងកំណើននេះ តម្រូវការទឹកស្អាតក៏បានកើនឡើងជាលំដាប់។ ក្រុងស្វាយរៀង ដែលទទួលសេវាផ្គត់ផ្គង់ទឹកស្អាតដោយរដ្ឋាករទឹកស្វយ័តក្រុងស្វាយរៀង បានជួបបញ្ហាប្រឈមដោយសារសមត្ថភាពផលិតទឹកសម្អាតនៅមានកម្រិតទាប តែ ៤.៨០០ ម៣/ថ្ងៃ និងផ្គត់ផ្គង់ប្រជាពលរដ្ឋបានត្រឹមតែជាង ២ម៉ឺននាក់ ឬប្រមាណ ៤០% នៃប្រជាជនក្នុងក្រុងប៉ុណ្ណោះ ក្នុងឆ្នាំ២០១៧។

ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាតសម្រាប់គោលបំណងផ្សេងៗ រួមទាំងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃ អាជីវកម្ម និងឧស្សាហកម្មនៅក្នុងខេត្ត ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានស្នើសុំជំនួយពីរដ្ឋាភិបាលជប៉ុន ដើម្បីចាប់ផ្តើមគម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីមួយ។ ជាលទ្ធផល រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ JICA បានសម្រេចផ្តល់ជនួយឥតសំណងចំនួន ៣.៩៨៦ លានយ៉េន ឬ ៣០,៦ លានដុល្លារអាមេរិក ដើម្បីអនុវត្គម្រោងនេះ ដែលមានរយៈពេលអនុវត្ត ២៣ ខែ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៥។ គម្រោងនេះរួមមានស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាព ៧.៤៨០ ម៣/ថ្ងៃ, បំពង់បូមទឹកឆៅប្រវែង២,៩ គីឡូម៉ែត្រ, រោងចក្រផលិតទឹកដែលមានសមត្ថភាព ៦.៨០០ ម៣/ថ្ងៃ, បណ្តាញចែកចាយទឹកប្រវែង ១១០ គីឡូម៉ែត្រ, និងអគាររដ្ឋបាលទំហំ ២២ម៉ែត្រ x ១៧,៧ម៉ែត្រ មួយខ្នង ដោយគ្រោងដំឡើងតំណចូលផ្ទះចំនួន៣៧៥តំណ។

តាមរយៈសមិទ្ធផលគម្រោងនេះ នៅចុងឆ្នាំ២០២៥ រដ្ឋាករទឹកស្វាយរៀងនឹងមានសមត្ថភាព ផលិតទឹកស្អាតសរុប ២២.៦០០ម៣/ថ្ងៃ និងបណ្តាញចែកចាយសរុបប្រវែង ២៣៦,៦៤ គ.ម ដែលនឹងអាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និងនិរន្តរភាព ជូនប្រជាពលរដ្ឋនៅក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ សរុបប្រមាណជាង ១១៧.៥៣០ នាក់ ព្រមទាំងរួមចំណែកធ្វើឱ្យរដ្ឋាករទឹកស្វាយរៀងអាចឈានទៅសម្រេចបាននូវគោលនយោបាយរបស់រដ្ឋាភិបាល ដែលបានកំណត់ថា “ត្រូវពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង ១០០% ត្រឹមឆ្នាំ២០២៥ សម្រាប់បម្រើតម្រូវការចាំបាច់របស់ប្រជាជន ក៏ដូចជាសម្រាប់ផលិតកម្ម និងសេវាកម្មនានា”។ គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងបង្ហាញពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជំរុញវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងជំរុញបរិយាកាសអំណោយផលដើម្បីទាក់ទាញការវិនិយោគកាន់តែច្រើនមកខេត្តស្វាយរៀង៕