សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជានឹងល្អប្រសើរឡើងវិញនាពេលខាងមុខ
សេដ្ឋកិច្ច April 11, 2024 Khmernote

នៅក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជា នឹងល្អប្រសើរឡើងវិញនាពេលខាងមុខ ហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហា​វិបត្តិអចលនទ្រព្យជូនទាំងប្រជាពលរដ្ឋ និងម្ចាស់បុរីនានា។

សម្ដេចធិបតីបានមានប្រសាសន៍ថា៖ «ខ្ញុំមិននិយាយលម្អិត ខ្ញុំមិននិយាយច្រើន យប់យន់សុបិន្តច្រើននោះទេ ខ្ញុំមិនបានដេកអេះពោះ ហើយមើលការលំបាករបស់ប្រជាជននោះទេ ក្រសួងដែនដី នគររូបនីយកម្ម ឯកឧត្តម សាយ សំអាល់ ធ្វើការប្រចាំថ្ងៃជាមួយនឹងបុរី ជាមួយនឹងប្រជាពលរដ្ឋដែលទិញផ្ទះ ដើម្បីដោះស្រាយបន្តិចម្ដងៗ រាប់ម៉ឺននាក់ដែលជាប់ យើងដោះស្រាយជូន ហើយដោះឱ្យបានល្អ ហើយខ្ញុំសូមអរគុណបងប្អូនណាស់ ដែលយោគយល់ទាំងអស់គ្នា ទាំងម្ចាស់បុរី ទាំងបងប្អូនដែលទិញ យើងខិតខំជួយគ្នា​ ក្នងគ្រាមានការលំបាកទាំងអស់គ្នា។ ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណេះ ខ្ញុំមិនចង់ថា រូបមន្តណាទេ រូបមន្តវាខុសគ្នា បុរីនីមួយៗគឺមានរូបមន្តខុសគ្នា លទ្ធភាពខុសគ្នា ដោះស្រាយជូន ប៉ុន្តែសូមឱ្យបងប្អូនជឿទុកចិត្តចុះ រដ្ឋាភិបាលមិនបានដេកស្ងៀមនោះទេ រដ្ឋាភិបាលពិតណាស់មិនងាកចាប់ៗនោះទេ ត្រូវមើលយ៉ាងម៉េចគោលដៅធំបំផុតដោះស្រាយជូនអតិថិជន ហើយធ្វើយ៉ាងម៉េចឱ្យក្រុមហ៊ុនអភិវឌ្ឍន៍នៅមានលំនឹង បន្តដោះស្រាយជូនទៀត។ បញ្ជាក់ថា រាជរដ្ឋាភិបាលខិតខំដោះស្រាយជាប្រចាំដោះស្រាយបញ្ហានេះ ព្រោះយើងមិនអាចបំផ្លាញសេដ្ឋកិច្ចយើងនៅក្នុងរយៈពេលមួយឆ្នាំនេះទេ វាឡើងចុះ ពេលលំបាកយើងរួមគ្នាដោះ ពេលជោគជ័យបងប្អូនមានលទ្ធភាពឡើងទៀត នេះគឺជាអ្វីដែលយើងត្រូវធ្វើ ហើយបន្តធ្វើទៀត។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងធនាគារជាតិយើង បានដាក់គោលការណ៍ដោះស្រាយសម្ពាធមួយចំនួន បន្ថយសម្ពាធមួយចំនួន ទៅវិស័យធនាគារ ដើម្បីមានលទ្ធភាពអាចជួយពង្រីកទុន លើកទឹកចិត្តទៅដល់វិស័យអលនទ្រព្យធ្វើកិច្ចការងារ ធ្វើម៉េចដើម្បីឱ្យមានលំនឹង កន្លែងណាដែលមានបញ្ហាខិតខំដោះស្រាយ និងទទួលខុសត្រូវ គ្រាន់តែយូរ និងឆាប់​។

សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា៖ « ហើយខ្ញុំជឿថាថាទៅមុខទៀត វិស័យអចលនទ្រព្យនឹងឡើងវិញ វិបត្តិសេដ្ឋកិច្ចបែបនេះ វិបត្តិអចលនទ្រព្យនៅអាស៊ានយើងក៏ធ្លាប់មានពីមុនមកហើយនៅឆ្នាំ១៩៩៧ និងឆ្នាំ១៩៩៩ មួយរយៈនឹងឡើងវិញ ក៏ប៉ុន្តែនៅពេលលំបាកនេះ រាជរដ្ឋាភិបាលត្រូវធ្វើការយ៉ាងណាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើយ៉ាងណាដោះស្រាយជូន ហើយគោលដៅធំគឺប្រជាពលរដ្ឋ អតិថិជននេះឯង សូមទុកចិត្តចុះ »៕

អត្ថបទ៖ លីនី