វិទ្យាស្ថានស្រាវជ្រាវថាមពលរបស់កូរ៉េខាងត្បូង សុំការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ដើម្បីសង់រោងចក្រកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងជីវឧស្ម័ននៅកម្ពុជា
សេដ្ឋកិច្ច April 9, 2024 Khmernote

វិទ្យាស្ថានស្រាវជ្រាវថាមពលរបស់កូរ៉េខាងត្បូង ស្នើសុំការគាំទ្រពីរដ្ឋាភិបាលកម្ពុជា ដើម្បីដំណើរការសាងសង់រោងចក្រកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងជីវឧស្ម័ន (Bio-Heavy oil និង Bio-Char) នៅកម្ពុជា។

យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤​ ថ្មីៗនេះ បានឱ្យដឹងថា កាលពីរសៀលថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ នៅក្រសួងពាណិជ្ជកម្ម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន តំណាងវិទ្យាស្ថានស្រាវជ្រាវថាមពលរបស់សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃសំបកគ្រាប់ស្វាយចន្ទីទៅជាប្រេងជីវឧស្ម័ន (Bio-Heavy oil និង Bio-Char) ក៏ដូចជាការជំរុញ លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។

សូមជម្រាបថា កិច្ចជំនួបនេះ ភាគីតំណាងវិទ្យាស្ថានស្រាវជ្រាវថាមពលរបស់សាធារណរដ្ឋកូរ៉េមានគោលបំណងចង់ស្នើសុំការគាំទ្រ ការលើកទឹកចិត្ត និងការផ្ដល់អនុសាសន៍ណែនាំពីរាជរដ្ឋាភិបាលកម្ពុជាលើការដំណើរការសាងសង់រោងចក្រកែច្នៃប្រេងជីវឧស្ម័នគ្រាប់ស្វាយចន្ទី (Cashew Nut Shell Bio-Heavy Oil Conversion Plant Construction And Operation Project) ជាបច្ចេកវិទ្យាថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន និងទទួលបានទិន្នផលខ្ពស់៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម