សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បន្តប្តេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការងារកៀរគរចំណូលពន្ធចូលថវិកាជាតិឱ្យបានគ្រប់ ឬលើសផែនការដែល បានកំណត់
សេដ្ឋកិច្ច April 8, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង បានបន្តប្តេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការងារកៀរគរចំណូលពន្ធចូលថវិកាជាតិឱ្យបានគ្រប់ ឬលើសផែនការដែល បានកំណត់ ពិសេសបង្កលក្ខណៈ ងាយស្រួយលើទំនិញនាំចេញ នាំចូល និងការនាំចេញកសិផលរបស់ប្រជាកសិករនៅតាមព្រំដែន កសិផលក្នុងខេត្ត នាំចេញទៅប្រទេសជិតខាងឬប្រទេសទី៣។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងារអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា លោក ឆាយ បូ អនុប្រធានសាខាគយ និងរដ្ឋាករខេត្តបាត់ដំបងបានឱ្យដឹងថា ស្ថានភាពប្រមូលចំណូលពន្ធនាពេលបច្ចុប្បន្ន ក៏នៅបន្តជួបការលំបាកខ្លះៗ ដោយហេតុថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបន្តមិនទាន់ចប់នៅឡើយ សង្គ្រាមរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន កត្តាភូមិសាស្ត្រនយោបាយរវាងអាមេរិកនិងចិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាមួយចំណែកផងដែរ រួមមាន កាត់បន្ថយការបញ្ជាទិញទំនិញពីទីផ្សារកម្ពុជាទៅទីផ្សារបរទេស ជាពិសេសខាងអឺរ៉ុប ទាំងវិស័យកាត់ដេរ និងមិនមែនកាត់ដេរ, ផលិតផលក្នុងស្រុកកើនឡើងជំនួសការចូល, ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA និង តម្រូវការនៃការប្រើប្រាស់ក្នុងស្រុកមានការថយចុះ ។ តែទោះបីជាយ៉ាងណាក៍ដោយ សេដ្ឋកិច្ចកម្ពុជានៅតែងើបឡើង ល្អប្រសើរជាបណ្តើរៗ ជាក់ស្ដែងសមិទ្ធផល ដែល សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងសម្រេចបានក្នុងការប្រមូលចំណូលពន្ធ ក្នុងខែមករា ឆ្នាំ២០២៤ បានចំនួន ១១.៧៩ប៊ីលានរៀល គិតជាភាគរយប្រមាណ ៧៨,៩២ភាគរយ នៃផែនការ តែបើប្រៀបធៀបនឹងចំណូលខែមករាឆ្នាំ២០២៣ មានការកើនឡើងចំនួន១.២៨ប៊ីលានរៀល ឬប្រមាណ១២,២៣ភាគរយ។ ចំណែកនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ប្រមូលចំណូលពន្ធបានចំនួន ១៣. ៨៩ប៊ីលានរៀល គិតជាភាគរយប្រមាណ ១០០ភាគរយនៃផែនការ តែបើប្រៀបធៀបនឹងចំណូលខែកម្ភៈ ឆ្នាំ២០២៣ មានការកើន ឡើង ចំនួន ២.០៩ ប៊ីលានរៀល ឬប្រមាណ១៧,៧៤ភាគរយ ។ លោកបញ្ជាក់ថា ការប្រមូលចំណូលនេះ គឺសបញ្ជាក់ឱ្យឃើញពីការដឹកនាំគ្រប់គ្រងប្រកបដោយឧត្តមគតិគំនិតច្នៃប្រឌិតដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំ ក្រោមម្លប់សន្តិភាព របស់សម្តេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៍ដូចជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញាវត្ថុ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ ។

តាមរយៈនេះ សាខាគយនិងរដ្ឋាករខេត្តបាត់ដំបងនិងបន្តខិតខំ ប្រឹងប្រែងបន្ថែមទៀតក្នុងការងារកៀរគរចំណូលពន្ធចូលថវិកាជាតិឱ្យបានគ្រប់ ឬលើសផែនការ ទោះបីស្ថិតក្នុង កាលៈទេសៈយ៉ាងណាក៏ដោយ ក៏សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង នឹងខិតខំពុះពារ និងអនុវត្តការងារស្របតាមការចង្អុលបង្ហាញ អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់គ្រប់ចំណុចរបស់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៍ដូចជាថ្នាក់ដឹកនាំអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយស្មារតីទទួលខុសត្រូវ និងមានអប្បមាទខ្ពស់ ខណៈ ការប្រមូលចំណូលពន្ធ និងកិច្ចសម្រួល ពាណិជ្ជកម្មអន្តរជាតិ ជាការងារចម្បង និងស្នូលបំផុតរបស់សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង ពោល សាខាគយនិងបន្តខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធឱ្យ ឬលើសផែនការកំណត់។

«ដើម្បីឱ្យការប្រមូលពន្ធមានភាពចប្រសើរឡើង ជាងឆ្នាំកន្លងទៅ សាខាគយនិងរដ្ឋាករខេត្តបាត់ដំបង និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអនុសាសន៍ណែនាំ៧ចំណុចរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអនុវត្តតាមផែនការសកម្មភាព ចង្កោមសកម្មភាព របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករផងដែរ។ ហើយសាខាគយនិងរដ្ឋាករខេត្តបាត់ដំបងមានទិសដៅ និងសកម្មភាពរបស់យើង អ៊ីចឹងហើយ យើងមានតួនាទីនិងអនុវត្ត សកម្មភាពជាក់ស្តែង ទៅតាមការណែនាំរបស់ថ្នាក់ដឹកនាំ ដាក់ឱ្យសាខាគយនិងរដ្ឋាករខេត្តអនុវត្តន៍។ »

គួរជម្រាបថា ឆ្នាំ២០២៣កន្លងទៅ ការប្រមូលចំណូលពន្ធរបស់សាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង សម្រេចបានចំនួន ១៤១.៣២ប៊ីលានរៀល គិតជាភាគរយប្រមាណ៨៩,១៩ភាគរយ នៃផែនការ តែបើប្រៀបធៀបនឹងចំណូលឆ្នាំ២០២២ មានការកើនឡើងចំនួន ១០.៨១ ប៊ីលានរៀល ឬប្រមាណ ៨,២៨ ដែលបានរួមចំណែក លើកកម្ពស់ជីវភាពគ្រួសារ និងសង្គមជាតិ និងធ្វើឱ្យមានការអភិវឌ្ឍគ្រប់វិស័យ សម្រាប់ បម្រើដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ៕