ក្រុមហ៊ុនហុងកុងធំមួយ ត្រៀមមកដាក់ទុនវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនដូចជា ដំឡើងស្ថានីយសាករថយន្តអគ្គិសនី និងគម្រោងកែច្នៃសំរាមដោយប្រើបច្ចេកវិទ្យាទំនើបជាដើម
សេដ្ឋកិច្ច April 6, 2024 Khmernote

ក្រុមហ៊ុន Sunwah ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ហុងកុង ត្រៀមមកដាក់ទុនវិនិយោគនៅកម្ពុជា ទៅលើវិស័យជាច្រើនដូចជា ច្ចេកវិទ្យា, សេដ្ឋកិច្ចបៃតង, ការវិនិយោគដំឡើងស្ថានីយសាករថយន្តអគ្គិសនី, ក៏ដូចជាគម្រោងកែច្នៃសម្រាមដោយប្រើបច្ចេកវិទ្យាទំនើបដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្មផលិតឡើងវិញ និងផលិតថាមពលកកើតឡើងវិញផងដែរ។

យោងតាមការចុះផ្សាយនៅរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ នេះ បានោ្យដឹងថា កាលពីរសៀលថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត Jonathan Choi នាយកក្រុមហ៊ុន Sunwah និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនចូលជួបសម្ដែងការគួរសម និងស្នើសុំការណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើគម្រោងវិនិយោគដែលខ្លួនគ្រោងនឹងដាក់ទុននៅក្នុងប្រទេសកម្ពុជា ដោយក្នុងនោះ ក្រុមហ៊ុនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យមួយចំនួនរួមមាន បច្ចេកវិទ្យា, សេដ្ឋកិច្ចបៃតង, ការវិនិយោគដំឡើងស្ថានីយសាករថយន្តអគ្គិសនី, ក៏ដូចជាគម្រោងកែច្នៃសម្រាមដោយប្រើបច្ចេកវិទ្យាទំនើបដើម្បីប្រើប្រាស់ក្នុងឧស្សាហកម្មផលិតឡើងវិញ និងផលិតថាមពលកកើតឡើងវិញផងដែរ។ ជាងនេះទៅទៀត ក្រុមហ៊ុនបានឆ្លៀតយកឱកាសនេះដើម្បី គោរពអញ្ជើញឯកឧត្តមឧបនាយករដ្ឋមន្ត្រីចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ដែលនឹងមានវិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនចូលរួម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងនាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍រាល់ការស្នើសុំសម្របសម្រួលលើគម្រោងវិនិយោគនានាដែលគ្រោងនឹងដាក់ទុនមកកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគរបស់វិនិយោគិនទទួលបានជោគជ័យ និងគោរពតាមច្បាប់របស់កម្ពុជា៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា