ស្រួលជាងមុន! កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួសជុស និងកិនបង្ហាប់រួចរាល់ ដើម្បីសម្រួលដល់បងប្អូនធ្វើដំណើរនាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ
សេដ្ឋកិច្ច April 5, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួសជុស កិនបង្ហាប់តួផ្លូវ សម្រាប់ធ្វើចរាចរណ៍ប្រើប្រាស់បណ្តោះអាសន្ន ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្នុងរយៈពេល ២១ថ្ងៃ បានជួលជុលកែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) លើកំណាត់ផ្លូវដែលមានប្រវែង ២០.៦២គម ត្រង់ចំណុច (PK 181+100 – PK 201+720) ដើម្បីជួយសម្រួលចរាចរណ៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដោយចំណាយពេលវេលា ឆ្លងកាត់ប្រមាណជាង ២០នាទី ទៅ ៣០នាទី តែប៉ុណ្ណោះ។

ក្នុងនោះផងដែរមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ នឹងនៅតែបន្តជួសជុល ថែទាំលើកំណាត់ផ្លូវ(វាលរេញ-ត្រពាំងរពៅ) ជាប្រចាំក្នុងឆ្នាំ២០២៤ នេះ ដើម្បីឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។ សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុលនេះ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ