ចិន​ បញ្ជូន​ផ្លែ​ទុរេនទៅឱ្យវៀតណាមវិញ ​ចំនួន​ ៣០ជើង ក្រោយរកឃើញមានសារធាតុពុលកាដមីញ៉ូម
សេដ្ឋកិច្ច April 4, 2024 Khmernote

យោងតាមនាយកដ្ឋានការពាររុក្ខជាតិ បានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនផ្លែទុរេនទៅឱ្យវៀតណាមវិញចំនួន ៣០ជើង ដោយលើកឡើងថា បានរកឃើញសារធាតុពុលកាដមីញ៉ូម (cadmium) គិតចាប់តាំងពីប្រទេសវៀតណាម បានចាប់ផ្ដើមនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២២។

លោក Nguyen Quang Hieu ប្រធានផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ទំហំផ្លែទុរេនដែលបានបញ្ចូនត្រលប់មកវិញនេះ ស្មើនឹង ០,០១% នៃការនាំចេញទុរេនសរុប ក្នុងអំឡុងពេលនោះ ហើយវាក៏មិនប៉ះពាល់ដល់ការនាំចេញទុរេននៅឡើយទេ ប៉ុន្តែជាការព្រមានធ្ងន់ធ្ងរដល់អ្នកដាំដុះ និងវេចខ្ចប់។

ទន្ទឹមនឹងនេះ លោកបានបន្តថា នាយកដ្ឋាន​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ប្រភព​នៃ​សារធាតុ​កាដាមមីញ៉ូម ដែល​អាច​ជា​ដី ទឹក ឬ​ការ​បំភាយ​ឧស្ម័ន​ចេញ​ពី​រោងចក្រ​ក្បែរ​នោះ​ទេ។ លោកបានបន្ថែមថា វាក៏អាចមាននៅក្នុងទឹកដែលប្រើសម្រាប់លាងសម្អាតផលិតផលផងដែរ។

ខណៈពេលដែលមន្ត្រីកំពុងធ្វើការដើម្បីកំណត់ប្រភពនោះ នាយកដ្ឋានបានណែនាំអ្នកផលិត ឱ្យរឹតបន្តឹងការគ្រប់គ្រងលើធាតុចូល និងការអនុវត្តកសិកម្ម ហើយពិនិត្យកម្រិតជាតិកាដាមមីញ៉ូមឱ្យបានហ្មត់ចត់មុនពេលដឹកជញ្ជូន។

សមាគមន៍បន្លែ និងផ្លែឈើវៀតណាមបានទទួលស្គាល់ថា ប្រទេសចិនបានចេញការព្រមានជាច្រើនអំពីការចម្លងរោគនៃសារធាតុ cadmium នៅក្នុងផ្លែទុរេនវៀតណាម ប៉ុន្តែការប្រកាសអាសន្នចុងក្រោយនេះកាន់តែមានសម្ពាធកាន់តែខ្លាំង។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣ ប្រទេសចិនបាននាំចូលទុរេនចំនួន ៤៩៣,០០០តោន ក្នុងតម្លៃ ២,១ ពាន់លានដុល្លារពីប្រទេសវៀតណាម កើនឡើង ១,១០៧% និង ១,០៣៦% ក្នុងបរិមាណ និងតម្លៃធៀបនឹងឆ្នាំ២០២២។ ជាមួយគ្នានេះដែរ ប្រទេសវៀតណាមមានតំបន់ដាំដុះទុរេនចំនួន ៧០៨ និងកន្លែងវេចខ្ចប់ចំនួន ១៦៨ ដែលអនុលោមតាមស្តង់ដារគុណភាពនាំចូលរបស់ប្រទេសចិន៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress