ក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ បញ្ជាក់ថា ការសាងសង់នឹងបញ្ចប់មុនផែនការ
សេដ្ឋកិច្ច April 3, 2024 Khmernote

ក្រចេះ៖ នាល្ងាចថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តចំនួន៣ រួមមាន កំពង់ចាម ត្បូងឃ្មុំ និង ក្រចេះ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដោយមានការចូលរួមផងដែរពី តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោងការងារខាងលើ។ គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុននាល្ងាចនេះ ការសាងសង់នឹងបញ្ចប់មុនផែនការ។

បើទោះជាយ៉ាងនេះក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី នៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ ជំរុញការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ ឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំង ដែលជាពេលវេលាអំណោយផលដល់ការងារសាងសង់ មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពការងារសាងសង់គ្រប់ជំហាន ពិសេសយកចិត្តទុកដាក់ខ្ពស់លើបទដ្ឋានបច្ចេកទេសគ្រប់ប្រភេទការងារ ដើម្បីធានាឱ្យបាននូវសមិទ្ធផលសំណង់ ដែលប្រកបដោយគុណភាព និងអាយុកាលប្រើប្រាស់បានយូរអង្វែង៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន