សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ ២០២៣ និង ៤,៩% ក្នុងឆ្នាំ ២០២៤
សេដ្ឋកិច្ច April 2, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី « បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា» ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ក្រោមមូលបទ “បញ្ចេញសក្តានុពលអាស៊ាន៖ បច្ចេកវិទ្យា ចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន” បានគូសបញ្ជាក់ថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទីប្រាំនៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល ។

សម្តេចធិបតី បានបន្តថា យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ ២០២៣ និង ៤,៩% ក្នុងឆ្នាំ ២០២៤ ដែលការណ៍នេះ គូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។ សេដ្ឋកិច្ចអាស៊ាន ប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និងមានសក្តានុពលខ្ពស់ ក្នុងការក្លាយទៅជាស្នូល នៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេង ទៀតជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំ ដោយសារអន្តរកម្មប្រកប ដោយជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញបន្ថែមដោយកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឡើកឡើងទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ អាស៊ានជាមួយសេដ្ឋកិច្ចធំៗ ដូចជា៖ អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញអំពីការតម្រង់ទិស ប្រកបដោយជោគជ័យរបស់អាស៊ាន នៅក្នុងទិដ្ឋភាពភាពជា ដៃគូសេដ្ឋកិច្ច។អត្ថន័យស្នូលរបស់អាស៊ាន គឺផ្តោតលើកិច្ចសហប្រតិបត្តិការ។ សមិទ្ធកម្មសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់យើង នៅទូទាំងតំបន់ កើតចេញពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន។ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលសម្របសម្រួលដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយន ការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់អាស៊ាន ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វេទិកានានា ដូចជា កិច្ចប្រជុំ កំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅតែមានសារៈសំខាន់សម្រាប់ការជំរុញការវិនិយោគ ក្នុងតំបន់, បង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ាន ទៅកាន់សហគមន៍សកលលោក។ និងគូស រំលេចពីភាពប្រទាក់ក្រឡារបស់អាស៊ាន នៅក្នុងសេដ្ឋកិច្ចសកល ។ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អាស៊ាន, យើងត្រូវប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដ៏ល្អ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កម្លាំងពលកម្មជំនាញ និង ទីផ្សារប្រកបដោយជវភាព ដើម្បីប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការវិនិយោគ ដ៏គួរឱ្យទាក់ទាញ ដោយមានរដ្ឋជាសមាជិក ជាមូលដ្ឋានផលិតកម្ម ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក៕

ប្រភព៖ ក្រសួងព័ត៌មាន