សម្តេចធិបតី៖ សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុង លើវិស័យកសិកម្មបែបប្រពៃណី ប្រែទៅជាសេដ្ឋកិច្ចទំនើប ដោយពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម
សេដ្ឋកិច្ច April 1, 2024 Khmernote

សេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី បានប្រែទៅជាសេដ្ឋកិច្ចទំនើប ដោយពឹងផ្អែកលើកសិកម្មវៃឆ្លាត ឧស្សាហកម្ម និងសេវាកម្ម និងមានការតភ្ជាប់កាន់តែខ្លាំងទៅនឹងខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់តំបន់និងសកល រួមជាមួយនឹងការកើតមានឡើងនូវឧស្សាហកម្មថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ ព្រមទាំង ការបន្តពង្រឹង និងការពង្រីកពិពិធកម្មមូលដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ។ នេះបើយោងតាម​ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ផលិតនិងផ្គត់ផ្គង់ទីផ្សារប្រកបដោយចីរភាព គឺជាចលនាភូមិ១ផលិតផល១»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះជាយ៉ាងណាក្តី វឌ្ឍនភាពទាំងនេះ នៅមិនទាន់បានឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាក៏ដូចជាមហិច្ឆតាក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា ការរៀបចំយុទ្ធសាស្ត្រអាទិភាពសំខាន់ៗ ដើម្បីតម្រង់ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជាគោលដៅអាទិភាពដ៏ធំបំផុតក្នុងការកសាងសង្គមកម្ពុជាឱ្យបកបដោយ វិបុលភាពនិងស៊ីវិល័យ និងជាប្រទេសអភិវឌ្ឍដែលមានចំណូលខ្ពស់ ទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវតែដាក់ចេញ និង អនុវត្តនូវក្របខ័ណ្ឌអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឱ្យស្របតាមចលនានៃបដិវត្តឧស្សាហកម្ម៤,០ ការធ្វើបរិវត្តកម្មឌីជីថលនៅក្នុងតំបន់និងសកល ការបង្កើនល្បឿនឌីជីថលភាវូបនីយកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍ និងស្វ័យប្រវត្តិកម្ម។

សម្តេចធិបតី បានបន្តថា ដើម្បីសម្រេចបាននូវចក្ខុវិស័យប្រកបដោយមហិច្ឆតានេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ : កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ជាមួយនឹងការដាក់ចេញនូវអាទិភាពគន្លឹះចំនួន៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕

ប្រភព៖ ក្រសួងព័ត៌មាន