រាជរដ្ឋាភិបាល សម្រេចចេញថ្លៃអាករលើតម្លៃបន្ថែមចំពោះទំនិញមួយចំនួន រហូតដល់ដំណាច់ឆ្នាំ២០២៨ ដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ
សេដ្ឋកិច្ច March 28, 2024 Khmernote

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បាន​ចេញសេចក្ដីប្រកាស ស្ដីពីការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

នៅក្នុងសេចក្ដីប្រកាស ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា អាហារជាមូលដ្ឋានសំដៅដល់បណ្តាមុខទំនិញមួយចំនួនដែលចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃដូចខាងក្រោម៖

១- សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ក្របី ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណៈជាសាច់ស្រស់ឬ កែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។

២- ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។

៣-ត្រីទឹកសាប និងទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពឹស ក្តាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។

៤- ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់។

៥- អំបិលគ្រប់ប្រភេទ។

៦- ទឹកត្រីនិងទឹកស៊ីអីវគ្រប់ប្រភេទ។

ទន្ទឹមនឹងនេះដែរ អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារជាមូលដ្ឋានដូចមានចែងខាងលើនេះ ត្រូវបានចាត់ជាបន្ទុករបស់រដ្ឋរហូតដល់ដំណាច់ឆ្នាំ២០២៨។ សម្រាប់គោលដៅនៃប្រការនេះ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធដារ