ឯកឧត្តម ឃឹម ហ្វីណង់ ៖ មានក្រុមហ៊ុន ២កំពុងរង់ចាំចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីក្នុងតម្លៃលើសទីផ្សារ ពីកសិករដាំស្វាយចន្ទី ៣៨គ្រួសារទៀតដែលស្ម័គ្រចិត្តចងក្រងជា «សហគមន៍កសិកម្មទំនើប»
សេដ្ឋកិច្ច March 28, 2024 Khmernote

កសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ចំនួន ៣៨គ្រួសារ ដែលមានផ្ទៃដីផលិតកម្មសរុប ១០២ហិកតា បានស្ម័គ្រចិត្តឯកភាពគ្នាចងក្រងជា «សហគមន៍កសិកម្មទំនើប»។ ក្រុមការងារនឹងបំពេញនីតិវិធីបន្ទាប់ ដើម្បីទទួលស្គាល់សហគមន៍ថ្មីនេះជាផ្លូវការនាពេលខាងមុខ។ ​នេះបើយោងតាមការចុះផ្សាយរបស់ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

តានរយៈការបង្ហោះនៅលើផេកផ្លូវការនាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តម បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារបានព្យាយាមភ្ជាប់ទីផ្សារជូនសហគមន៍ទុកឱ្យហើយ ដោយមានក្រុមហ៊ុនចំនួន២ កំពុងរង់ចាំចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីដោយផ្ទាល់ពីសហគមន៍ ក្នុងតម្លៃលើសពីទីផ្សារ។ តាមការប៉ាន់ស្មានទិន្នផលជាមធ្យមសម្រាប់ឆ្នាំនេះ សហគមន៍អាចប្រមូលផលបានប្រមាណ ២០០តោន ដែលជាចំនួនមួយដែលក្រុមហ៊ុនទាំងពីរខាងលើអាចធានាទិញយកបានទាំងអស់តែម្តង។

សូមបញ្ជាក់ថា កសិករមួយក្រុមនេះ គឺជាសមាជិកចាស់នៃសហគមន៍ដែលមានស្រាប់ ក្នុងចំណោមសមាជិកសរុបរហូតដល់ទៅ ១៨៩គ្រួសារ ជាមួយនឹងផ្ទៃដីដាំដុះជិត ៦០០ហិកតា។ សង្ឃឹមថាជាមួយនឹងការចាប់ផ្តើមថ្មីក្នុងទម្រង់ជាសហគមន៍កសិកម្មទំនើប បូករួមនឹងអត្ថប្រយោជន៍ផ្សេងៗទៀតដូចជា ការផ្សារភ្ជាប់ទីផ្សារទុកជាមុន ការផ្តល់ទុកកម្ចីការប្រាក់ទាបដោយគ្មានវត្ថុបញ្ចាំ និងការគាំទ្របច្ចេកទេស ពុកម៉ែបងប្អូនសមាជិកដទៃទៀត ក៏ដូចជាកសិករនានានៅក្នុងឃុំសាលាវិស័យ នឹងពិចារណាចូលរួមជាមួយសហគមន៍ក្នុងពេលអនាគតផងដែរ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

មានក្រុមហ៊ុន ២កំពុងរង់ចាំចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីក្នុងតម្លៃលើសពីទីផ្សារ ពីកសិករដាំស្វាយចន្ទី ៣៨គ្រួសារទៀតស្ម័គ្រចិត្តចងក្រងជា «សហគមន៍កសិកម្មទំនើប»