សហគមន៍កសិកម្មទំនើបដំបូងគេបង្អស់ត្រូវបានបង្កើតឡើងហើយ មានឈ្មោះថា «សហគមន៍ស្រូវនាងអំ» ខណៈសហគមន៍កសិកម្មទំនើប ៣ផ្សេងទៀត ក៏នឹងលេចរូបរាងឡើងឆាប់ៗនេះដែរ
សេដ្ឋកិច្ច March 27, 2024 Khmernote

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា «សហគមន៍ស្រូវនាងអំ» ដែលជាសហគមន៍កសិកម្មទំនើបទី១ បានចាប់ផ្តើមចេញដំណើរហើយ ខណៈសហគមន៍កសិកម្មទំនើបចំនួន ៣ផ្សេងទៀត ក៏នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនេះនៅក្នុងខេត្តសៀមរាប កំពង់ចាម និងកំពង់ធំ ផងដែរ។

បើតាមការបង្ហោះនៅលើផេកផ្លូវការ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបញ្ជាក់បានថា «សហគមន៍ស្រូវនាងអំ» បានក្លាយទៅជាសហគមន៍កសិកម្មទំនើបដំបូងគេបង្អស់ ដែលត្រូវបានបង្កើតឡើង និងគាំទ្រដោយផ្ទាល់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពីបានប្រុងប្រៀបរៀបចំអស់រយៈកាលជាង ៣ខែ និងជួបប្រជុំធ្វើការជាមួយសហគមន៍ផ្ទាល់យ៉ាងហោចណាស់ ១០ដង រួចមក។

ជាមួយគ្នានេះដែរ ឯកឧត្តម បានបញ្ជាក់បន្ថែមថា «សហគមន៍ស្រូវនាងអំ» ដែលមានបណ្តុំកសិករចំនួនជិត ១០០គ្រួសារ ជាមួយនឹងផ្ទៃដីផលិតកម្មជាង ៨០០ហិកតា នៅក្នុងស្រុកស្វាយលើ ខេត្តសៀមរាប ទទួលបានកម្ចីឥណទានការប្រាក់ទាប ១០០% ពីធនាគារវីង ដើម្បីធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ក្រោមការគ្រប់គ្រងដឹកនាំរួមរបស់សហគមន៍ និងមានការជួយជ្រោមជ្រែងខាងផ្នែកបច្ចេកទេសពីក្រសួងកសិកម្ម។ សហគមន៍មួយនេះ ក៏នឹងទទួលបានការជួយគាំទ្រនានាពីស្ថាប័ន និងគម្រោងដៃគូសំខាន់ៗមួយចំនួនទៀត ដូចជា សហគ្រិនខ្មែរ ក្រុមហ៊ុន Forte Insurance និងគម្រោងPCRL៕

ប្រភព៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ