រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ស្នើអគ្គរដ្ឋទូតសហភាពអឺរ៉ុប ជួយជំរុញក្រុមហ៊ុននិងអ្នកវិនិយោគទេសចរណ៍អឺរ៉ុបមកបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា
ទេសចរណ៍ March 25, 2024 Khmernote

ឯកឧត្តម សុខ សូនកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើដល់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ជួយជំរុញក្រុមហ៊ុននិងអ្នកវិនិយោគទេសចរណ៍អឺរ៉ុបមកបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា រួមទាំងជំរុញឱ្យមានជើងហោះហើរត្រង់ពីតំបន់អឺរ៉ុបមកកម្ពុជាផងដែរ។

ការស្នើសុំរបស់ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីពិភាក្សាលើកាលានុវត្តភាពកិច្ចសហប្រតិបត្តិការ​ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា កាលពីថ្ងៃ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

នាឱកាសនោះឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣ (BUILD + 3Ds)” និងចក្ខុវិស័យក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងស្ថាប័នរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីគៀងគរឱ្យមានការចូលរួមកាន់តែសកម្មពីវិស័យឯកជន។

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានកត់សម្គាល់ពីការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) លើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។ សូមជម្រាបផងដែរថា ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញក្រុមហ៊ុន និងអ្នកវិនិយោគទេសចរណ៍អឺរ៉ុបមកបោះទុនវិនិយោគក្នុងវិស័យទេសចរណ៍កម្ពុជា និងបានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញឱ្យមានជើងហោះហើរត្រង់ពីតំបន់អឺរ៉ុបមកកម្ពុជាផងដែរ៕

អត្ថបទៈ លីនី