ក្រសួងទេសចរណ៍ នឹងពិនិត្យលទ្ធភាពសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីដ៏ល្បីរបស់ទូរទស្សន៍បារាំង TV5 Monde ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
ទេសចរណ៍ March 23, 2024 Khmernote

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយ លោក Arnaud Sonnet សហស្ថាបនិកនៃប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement” ដែលចាក់បញ្ចាំងលើទូរទស្សន៍ TV5 Monde របស់ប្រទេសបារាំង ដើម្បីពិនិត្យកាលានុវត្តភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។

លោក Arnaud Sonnet បានបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” ជាប្រព័ន្ធផ្សព្វផ្សាយ online នាំមុខមួយក្នុងតំបន់អឺរ៉ុប និងពិភពលោក ក្នុងការជំរុញការធ្វើដំណើរ និងទេសចរណ៍ ហើយភាពយន្តឯកសារ “Embarquement” ជាកម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយភាពលើទូរទស្សន៍ TV5 Monde ដែលផ្តល់នូវការពិពណ៌នាយ៉ាងលម្អិតពីវប្បធម៌ ទំនៀមទំលាប់ និងគោលដៅទេសចរណ៍ដែលមិនសូវមានអ្នកស្គាល់នៅលើពិភពលោកសម្រាប់ទស្សនិកជន។ ដោយកត់សម្គាល់ពីសក្តានុពលនេះ ឯកឧត្តមរដ្ឋមន្រ្តី នឹងពិនិត្យលទ្ធភាពសហការផ្សព្វផ្សាយគោលដៅទេសចរណ៍អាទិភាពរបស់កម្ពុជាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ “Travel Tomorrow” និងភាពយន្តឯកសារ “Embarquement”៕

ប្រភព៖ ក្រសួងទេសចរណ៍