ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ក្រុមកសិករដាំស្វាយចន្ទីនៅឃុំសាលាវិស័យខេត្តកំពង់ធំដែលស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប នឹងទទួលបានកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្ងួតទំហំ ១០០តោន ក្នុងតម្លៃប្រហែល ២០% លើសពីទីផ្សារ
សេដ្ឋកិច្ច March 20, 2024 Khmernote

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្រុមកសិករដាំស្វាយចន្ទីនៅក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ ដែលបានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប នឹងត្រូវបានលើកទឹកចិត្តតាមរយៈការទទួលបានកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្ងួតទំហំ ១០០តោន ក្នុងតម្លៃប្រហែល ២០%លើសពីទីផ្សារ សម្រាប់គម្រោងសាកល្បងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃទៅកាន់ប្រទេសជប៉ុន។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបញ្ជាក់តាមរយៈការបង្ហោះនៅលើគណនីផ្លូវការ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ផងដែរថា កិច្ចសន្យាទិញមួយនេះ គឺជាជំហានសាកល្បងដំបូងនៃគម្រោង CashewNotes របស់ក្រុមហ៊ុន Floresta ដែលបានស្នើសុំការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាឧទាហរណ៍ជាក់ស្តែងមួយនៃអត្ថប្រយោជន៍ដែលកសិករអាចនឹងទទួលបាន ពីការចូលរួមចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។

ឯកឧត្តម ក៏បានបញ្ជាក់ផងបន្ថែមថា ក្រៅពី «ទីផ្សារ» សហគមន៍នៅទទួលបានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖ ការគាំទ្របច្ចេកទេស និងការគ្រប់គ្រង ,ការកាត់បន្ថយថ្លៃដើមផលិត , ដើមទុនការប្រាក់ទាប និងមិនតម្រូវឱ្យដាក់វត្ថុបញ្ចាំ និងការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ