ក្រសួងការងារ នឹងចុះផ្សព្វផ្សាយ រួមទាំងដាក់មន្រ្តីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅម្ដុំរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ ដែលត្រូវបានអគ្គិភ័យឆាបឆេះកាលពីពេលថ្មីៗនេះ
សេដ្ឋកិច្ច March 20, 2024 Khmernote

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងដាក់មន្រ្តីរង់ចាំចុះឈ្មោះស្វែងរកការងារធ្វើភ្លាមៗ ជូនបងប្អូនកម្មករនិយោជិត នៅម្ដុំរោងចក្រស្បែកជើង អ.ជី ហ៊្វូតវែរ ដែលត្រូវបានអគ្គិភ័យឆាបឆេះ កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ
ដើម្បីឱ្យបងប្អូនទទួលបានឱកាសការងារថ្មី ជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹងតំបន់ដែលបងប្អូនរស់នៅស្រាប់។

(រូបតំណាង)

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញនេះ បញ្ជាក់ផងដែរថា ក្រសួងការងារកំពុងយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនកម្មករនិយោជិតនៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ ដែលអាចប្រឈមនឹងបញ្ហាមួយចំនួន។

ជាមួយគ្នានេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនកម្មករនិយោជិត​ ក្រសួងសូមបញ្ជាក់ថា សម្រាប់អត្ថប្រយោជន៍ ប.ស.ស. រួមមាន ផ្នែកថែទាំ សុខភាព អត្ថប្រយោជន៍នៅពេលសម្រាលកូន និងការពិនិត្យផ្ទៃពោះ បងប្អូនកម្មករនិយោជិតនៅតែទទួលបានអត្ថប្រយោជន៍ និងប្រើប្រាស់ ប.ស.ស. ជាធម្មតា។

ក្នុងករណីបងប្អូនកម្មករនិយោជិតចង់ស្វែងរកការងារ បងប្អូនកម្មករនិយោជិតក៏អាចចាប់យកឱកាសការងារថ្មីតាមរយៈមជ្ឈមណ្ឌការងារចល័ត នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ឬ ទាក់ទងមក Hotline ១២៨៦ និង ១២៩៧ ឬ ទាក់ទងមកលេខទូរស័ព្ទ ០៧៧ ២៣២ ៣៧៨ ឬ ០១៦ ៧៨៦ ៦៥៥ (Telegram)៕

(រូបតំណាង)

អត្ថបទ៖ លីនី