ឯកឧត្តម ឃឹម ហ្វីណង់ ណែនាំកសិករនៅសហគមន៍មួយ ពីគម្រោងសាកល្បងប្រមូលទិញ គ្រាប់ស្វាយចន្ទីពីសហគមន៍ដើម្បីកែច្នៃ និងធ្វើទីផ្សារ ខណៈផលនៃគម្រោងនឹងផ្តល់ត្រឡប់មកសហគមន៍វិញ
សេដ្ឋកិច្ច March 18, 2024 Khmernote

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំបងប្អូនប្រជាកសិករដែលជាសមាជិក-សមាជិកានៃសហគមន៍សាលាវិស័យ នៅឃុំសាលាវិស័យ ក្នុងខេត្តកំពង់ធំ ​ពីគម្រោងសាកល្បងមួយ គឺគម្រោង Cashew Notes ដោយធ្វើការសាកល្បងប្រមូលទិញ គ្រាប់ស្វាយចន្ទីពីសហគមន៍ដើម្បីកែច្នៃ និងធ្វើទីផ្សារ ដែលផលប្រយោជន៍នៃគម្រោង គឺនឹងផ្តល់ត្រឡប់មកសហគមន៍វិញផ្ទាល់។

ឯកឧត្តម ឃឹម ហ្វីណង់ បានធ្វើការណែនាំនៅក្នុងឱកាសដឹកនាំក្រុមការងារជួបប្រជុំជាមួយសហគមន៍សាលាវិស័យ នៅឃុំសាលាវិស័យ ក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ ឯកឧត្តម​បាន​ពន្យល់ណែនាំសហគមន៍អំពីគោលការណ៍នៃការបង្កើត សហគមន៍កសិកម្មទំនើប ដែលជាកម្មវិធី​គោលនយោបាយអាទិភាពរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏​ដូច​ជាអត្ថប្រយោជន៍នៃការចូលរួមជាសមាជិក-សមាជិកា សហគមន៍កសិកម្មទំនើប។ បន្ថែម​ពី​លើ​នេះ ឯកឧត្តម​បាន​ណែនាំបង​ប្អូន​សហគមន៍​ពីគម្រោងសាកល្បង គម្រោង Cashew Notes ដោយធ្វើការសាកល្បងប្រមូលទិញ គ្រាប់ស្វាយចន្ទីពីសហគមន៍ដើម្បីកែច្នៃ និងធ្វើទីផ្សារ ដែលផលប្រយោជន៍នៃគម្រោង គឺនឹងផ្តល់ត្រឡប់មកសហគមន៍វិញផ្ទាល់។

តាមរយៈ​កិច្ច​ប្រជុំ​នេះ បងប្អូនប្រជាកសិករដែលជាសមាជិក-សមាជិកានៃសហគមន៍ បានសម្តែងសេចក្តីរីករាយ និងបង្ហាញជាជំហររួម ក្នុងការចូលរួមបង្កើតសហគមន៍កសិកម្មទំនើប និងការចូលរួម អនុវត្តគម្រោងសាកល្បង ចាប់​ផ្ដើម​ដោយ​ការធ្វើកិច្ចសន្យាផលិតកម្មកសិកម្ម។

សូមបញ្ជាក់ផងដែរថា ​សហគមន៍ទំនើប គឺជាសហគមន៍ដែលមានប្រព័ន្ធគ្រប់គ្រងត្រឹមត្រូវ មានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនទិន្នផល បង្កើនបច្ចេកទេស និងមានទីផ្សារច្បាស់លាស់៕

អត្ថបទ៖ លីនី