ក្រសួងការងារ និងស្រុកហ្វាឆន់របស់កូរ៉េខាងត្បូង ចុះហត្ថលេខាជាមួយគ្នា ដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ
សេដ្ឋកិច្ច March 16, 2024 Khmernote

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកហ្វាឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ និងបានស្នើឱ្យពិនិត្យផងដែរលើការទទួលយកពលករជំនាញរបស់កម្ពុជាប្រភេទវីសា(E7)ពីសំណាក់វិស័យឯកជននៅក្នុងស្រុកហ្វាឆន់។

បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានស្នើឱ្យលោក ឆ្វេ មូនស៊ូន គិតគូនិងមើលថែពីសុខទុក្ខរបស់ពលរដ្ឋខ្មែរដែលនឹងត្រូវធ្វើការនៅក្នុងស្រុកហ្វាឆន់ នៃប្រទេសកូរ៉េខាងមុខក្រោយការចុះអនុស្សរណៈដ៏សំខាន់នាពេលនេះ។

ទន្ទឹមនឹងនោះ លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រីសម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណរដ្ឋកូរ៉េជាច្រើនមកហើយ។

សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ រួមទាំងកម្មវិធីពលកររដូវកាលទៅសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធិរបស់ពលករ៕

ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ