ក្រុមហ៊ុនអាមេរិក ស្នើសុំក្រសួងទេសចរណ៍រៀបចំព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិមួយនៅកម្ពុជា ដែលព្រឹត្តិការណ៍នេះនឹងអាចជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត
ទេសចរណ៍ March 14, 2024 Khmernote

ក្រុមហ៊ុនអាមេរិកមួយ បង្ហាញបំណងចង់រៀបចំព្រឹត្តិការណ៍នានានៅកម្ពុជា ពិសេសព្រឹត្តិការណ៍ចម្រៀងជាលក្ខណៈអន្តរជាតិ។ ក្នុងនោះ ក្រុមហ៊ុនក៏ស្នើសុំទៅកាន់ក្រសួងទេសចរណ៍ ដើម្បីរៀបចំព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ Dakini Sky Festival 2024 នៅកម្ពុជាផងដែរ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Olary Yim នាយិកាប្រតិបត្តិក្រុមហ៊ុន Catch International និងប្រតិភូ ដើម្បីពិភាក្សាការងារលើការជំរុញការរៀបចំព្រឹត្តិការណ៍នានានៅកម្ពុជា ពិសេសព្រឹត្តិការណ៍ចម្រៀងជាលក្ខណៈអន្តរជាតិ។

នាឱកាសនោះ លោកស្រី Olary Yim បានជម្រាបជូនពីគម្រោងក្នុងការរៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024 និងបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសាទរ និងបានលើកឡើងពីសារៈសំខាន់នៃការរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។ Catch International មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងឱកាសដែលទទួលបានការយកចិត្តទុកដាក់ពី ឯកឧត្តមរដ្ឋមន្ត្រី ហើយក្រុមហ៊ុននឹងខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍បន្ថែមទៀត និងប្តេជ្ញាចិត្តក្នុងការរៀបចំកម្មវិធីល្អៗ ពិសេសៗ ដែលផ្ដល់ផលវិជ្ជមានជាច្រើនដល់ទេសចរណ៍កម្ពុជា៕

ប្រភព៖ ក្រសួងទេសចរណ៍