យោងតាមការចុះផ្សាយនៅលើផេកផ្លូវការឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «បង្កងកណ្តូបកម្ពុជា» ដែលត្រូវបាននាំចេញសាកល្បងទៅចិន ៤៥គីឡូក្រាមកាលពីពេលកន្លងទៅនោះ គិតត្រឹមរយៈពេល ២ខែដើមឆ្នាំនេះ ក្រុមហ៊ុនបាននាំចេញបង្កងកណ្តូបជាង ២ តោនទៅទីផ្សារប្រទេសចិន។
តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់ដូច្នេះថា៖ “នៅចាំកាលពី «បង្កងកណ្តូបកម្ពុជា» ត្រូវបាននាំចេញសាកល្បងទៅចិន ៤៥គីឡូក្រាមទេ? គ្រាន់តែ ២ខែដើមឆ្នាំនេះ យើងបាននាំចេញ ២តោន រួចបាត់ទៅហើយសម្រាប់ទីផ្សារមួយនេះ។ បង្កងទាំងនេះត្រូវជិះយន្តហោះ ពាក់អុកសុីសែន ឆ្លងកាត់គយចិន និងនៅរស់ទាំងអស់ទើបអាចលក់បាន។ ទោះបីជាពិបាកស្មុគស្មាញបន្តិច តែនេះចាត់ទុកថាជាជោគជ័យថ្មីមួយទៀត ដែលបានបើកផ្លូវទីផ្សារថ្មីសម្រាប់ផលិតផលជលផលពីកម្ពុជា!”
សូមបញ្ជាក់ថា យោងតាមរបាយការណ៍ពីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញផលិតផលជលផលធម្មជាតិ ២ខែ នាដើមឆ្នាំ២០២៤ សម្រេចបានចំនួន ១៥តោន ស្មើ ០,១៩ភាគរយ នៃផែនការ ៨ ០០០តោន។ ផលសរុបពីការនាំចេញក្នុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤នេះ ការនាំចេញផលនៃផលិតផលជលផលធម្មជាតិ សម្រេចបាន៣៨២តោន៕



ប្រភព៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ


