មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការស្នើសុំលិខិតអនុញ្ញាត និងឯកសណ្ឋានអ្នកបើកម៉ូតូកង់បីដឹកភ្ញៀវទេសចរ ដោយអ្នកដែលមកស្នើសុំ ១០០នាក់ដំបូង នឹងទទួលបានឯកសណ្ឋានអាវ ដោយឥតគិតថ្លៃ។
បើតាមការបញ្ជាក់របស់ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ការដាក់ឱ្យស្នើសុំលិខិតអនុញ្ញាត និងឯកសណ្ឋានអ្នកបើកម៉ូតូកង់បីដឹកភ្ញៀវទេសចរ គឺដើម្បីកំណត់អត្តសញ្ញាណម៉ូតូកង់បីដឹកភ្ញៀវទេសចរ និងធានាសុវត្ថិភាព ផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ ហេតុដូច្នេះមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សូមអញ្ជើញលោក លោកស្រីដែលប្រកបរបរជាអ្នកដឹកភ្ញៀវទេសចរមកធ្វើការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត និងឯកសណ្ឋានសម្គាល់ នៅមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ជាមួយគ្នានេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ក៏បានបញ្ជាក់ផងដែរថា អ្នកដែលអញ្ជើញមក ១០០នាក់ដំបូង នឹងទទួលបានឯកសណ្ឋានអាវ ដោយឥតគិតថ្លៃ។ ទន្ទឹមនឹងនេះ ម្ចាស់ម៉ូតូកង់បី ដឹកភ្ញៀវទេសចរដែលមិនមានលិខិតអនុញ្ញាត និងឯកសណ្ឋានសម្គាល់ដែលទទួលស្គាល់ដោយមន្ទីរទេសចរណ៍ខេត្ត នឹងមិនអនុញ្ញាតឱ្យប្រកបអាជីវកម្មដឹកភ្ញៀវទេសចរណ៍ឡើយ ព្រមទាំងប្រឈមនឹងការផាកពិន័យផ្សេងៗតាមច្បាប់។ សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖



