បន្ថែមពីលើការដាក់លក់នៅលើគេហទំព័រដ៏ល្បី Alibaba នាពេលខាងមុខ ផលិតផលខ្មែរអាចនឹងមានដាក់លក់នៅលើគេហទំព័រធំៗចំនួន ២ទៀត ដូចជា គេហទំព័រ TMall និង Lazada ខណៈក្រសួងពាណិជ្ជកម្ម បាននិងកំពុងស្វែងយល់ពីគេហទំព័រទាំងពីរខាងលើនេះ។
យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នារសៀលថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ សេរី បូរាពេជ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេស ជាមួយក្រុមហ៊ុន Alibaba.com អំពីវឌ្ឍនភាពក្នុងការជំរុញផលិតផលខ្មែរនៅលើគេហទំព័រ Alibaba ព្រមទាំងធ្វេីការស្វែងយល់អំពីគេហទំព័រ TMall និង Lazada ជាដេីម។
នៅក្នុងកិច្ចប្រជុំនោះដែរ ក្រុមការងារក៏បានពិភាក្សាអំពីការលទ្ធភាពនៃការរៀបចំវគ្គបណ្តុះបណ្តាលអំពីការធ្វេីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ កិច្ចពិភាក្សានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់ក្រសួងពាណិជ្ជកម្មផងដែរ៕




អត្ថបទ៖ លីនី


