ក្រុមហ៊ុនជប៉ុនចំនួន ៦ នឹងផ្ដល់គ្រឿងយន្តកសិកម្មដែលកសិករជប៉ុនប្រើប្រាស់មកកម្ពុជា ហើយចង់បង្កើតសាលាកសិកម្មមួយនៅខេត្តព្រៃវែង ដើម្បីបណ្តុះបណ្តាលសិស្សអំពីផលិតកម្មបន្លែក្នុងចរន្តទឹក
សេដ្ឋកិច្ច February 24, 2024 Khmernote

ក្រុមហ៊ុនជប៉ុនរហូតដល់ទៅ ៦ បាន​លើកឡើងពីបំណងចង់បង្កើតសាលាកសិកម្មនៅក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង ដើម្បីបន្ថែមការបណ្តុះបណ្តាលសិស្ស អំពីផលិតកម្មបន្លែក្នុងចរន្តទឹក (Hydroponic) ដោយប្រើប្រាស់ម៉ាសុីនចម្រោះទឹកផលិតនៅប្រទេសជប៉ុន និងផ្ដល់គ្រឿងយន្តកសិកម្មដែលកសិករជប៉ុនប្រើប្រាស់ នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រឿងយន្ត និងបរិក្ខារទាំងនោះ អាចមកដល់កម្ពុជា នៅក្នុងខែមេសា ឬ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។

យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កាលព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូដឹកនាំដោយ ឯកឧត្តម ស៊ឺស៊ឺមី តៃ (Susumu Tai) កុងស៊ុលកិត្តិយសប្រចាំតំបន់សេនដៃប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ អស់លោក ជាប្រធាន និងតំណាងក្រុមហ៊ុនជប៉ុន ចំនួន ៦ក្រុមហ៊ុន។

ក្នុងជំនួបនេះ ឯកឧត្តមស៊ឺស៊ីមិ ថៃ និងប្រតិភូ អមដំណើរបានបង្ហាញពីបំណង (១).ចង់បង្កើតសាលាកសិកម្មនៅក្នុងបរិវេណវិទ្យាល័យមួយនៅខេត្តព្រៃវែង ដើម្បីបន្ថែមការបណ្តុះបណ្តាលសិស្ស អំពីផលិតកម្មបន្លែក្នុងចរន្តទឹក (Hydroponic) ដោយប្រើប្រាស់ម៉ាសុីនចម្រោះទឹកផលិតនៅប្រទេសជប៉ុន (អាចច្រោះទឹកសមុទ្របរិភោគបាន) ដែលការប្រើទឹកបែបនេះអាចលើកគុណភាពបន្លែ សម្រាប់សុខភាព និង (២).បាននឹងបន្តប្រមែប្រមូលយកគ្រឿងយន្តកសិកម្ម ដែលកសិករជប៉ុនប្រើប្រាស់ ដើម្បីប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលគ្រឿងយន្តនិងបរិក្ខារទាំងនោះ អាចមកដល់កម្ពុជា នៅក្នុងខែមេសា ឬ ខែឧសភា ឆ្នាំ២០២៤ នាពេលខាងមុខ។

ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមប្រតិភូ ដោយសន្យាថា នឹងជួយសម្របសម្រួល បង្កើតសាលាកសិកម្មនៅវិទ្យាល័យខាងលើ ដើម្បីយុវជនវ័យក្មេងអាចមានការយល់ដឹងអំពីផលិតកម្មបន្លែ និងជម្រាបស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ដើម្បីផ្តល់គ្រឿងយន្តនិងបរិក្ខារដែលនឹងទទួលបានទាំងនោះ សម្រាប់ជូនដល់សហគមន៍កសិកម្មទំនើប ដែលនឹងបង្កើតឡើងនាពេលខាងមុខ ដើម្បីប្រើប្រាស់ សម្រួលដល់ការងារផលិតកម្មរបស់ពួកគាត់៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ