ក្រុមហ៊ុន China Metro Group ប្តេជ្ញាចិត្តជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល (LRT) លេចរូបរាងឡើងនៅកម្ពុជា
សេដ្ឋកិច្ច February 23, 2024 Khmernote

ក្រុមហ៊ុន China Metro Group បង្ហាញសុឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ជំរុញឱ្យប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល (LRT) នៅកម្ពុជាលេចរូបរាងឡើង។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ការបង្ហាញសុឆន្ទៈ និងការប្ដេជ្ញាចិត្ត ខាងលើនេះ គឺត្រូវបានលើកឡើង នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក លី ខ័រ (Mr. Li Kuo) អគ្គនាយកក្រុមហ៊ុន China Metro Group នៃប្រទេសចិន និងសហការី ហើយក៏មានការអញ្ជើញចូលរួមផងដែរពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ក្នុងជំនួបនោះ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូលអំពី វឌ្ឍនភាពនៃការសិក្សារបស់ក្រុមហ៊ុនលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែ គឺ៖ ទី១ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប និង ទី២ គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណក្រុមហ៊ុន China Metro Group ចំពោះការសិក្សាគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលទាំងពីរខ្សែខាងលើ ដែលរំពឹងថា គម្រោងទាំងពីរនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ និងផ្តល់នូវជម្រើសបន្ថែមក្នុងការធ្វើដំណើរ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរផងដែរ៕

អត្ថបទ៖ លីនី