ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast នឹងបើកការដ្ឋានសង់រោងចក្រតម្លៃ ២ពាន់លានដុល្លារនៅប្រទេសឥណ្ឌា នាថ្ងៃអាទិត្យសប្ដាហ៍នេះ
សេដ្ឋកិច្ច February 22, 2024 Khmernote

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast នឹងសាងសង់រោងចក្រតម្លៃ ២ពាន់លានដុល្លារនៅរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា ដោយគម្រោងខាងលើនេះនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ខាងមុនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress

ប្រភពខាងលើ បានឱ្យដឹងថា ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយរដ្ឋាភិបាលរដ្ឋកាលពីខែមុន សម្រាប់ការសាងសង់រោងចក្រនៅក្នុងទីក្រុងកំពង់ផែ Thoothukudi នេះ ដោយវិនិយោគទឹកប្រាក់ ៥០០លានដុល្លារក្នុងដំណាក់កាលដំបូងនៃគម្រោង។

ជាមួយគ្នានេះដែរ រោងចក្រនៅ Tamil Nadu នឹងមានសមត្ថភាពផលិតរថយន្តបាន ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ ហើយរោងចក្រនេះនឹងជួយ VinFast ពង្រីកទៅកាន់ប្រទេសឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀតនៅអាស៊ីខាងត្បូង មជ្ឈិមបូព៌ា និងអាហ្វ្រិក។ គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកាកន្លងទៅ លោក Pham Nhat Vuong ប្រធានក្រុមហ៊ុនមេ VinFast បានជួបជាមួយមហាសេដ្ឋី ឥណ្ឌាគឺលោក Gautam Adani ដើម្បីពិភាក្សាអំពីទំនាក់ទំនងសក្តានុពល ហើយបន្ទាប់មក VinFast ក៏បានចាប់ផ្តើមឈានជើងចូលទៅទីផ្សារប្រទេសឥណ្ឌាផងដែរ ដោយត្រូវបានគេរំពឹងថា ក្រុមហ៊ុននេះនឹងបង្កើតការងារបានពី ៣,០០០ ទៅ ៣,៥០០ កន្លែង៕

(រូបតំណាង)

អត្ថបទ៖ លីនី
ប្រភព៖ VNExpress