ផ្ទុយពីការបញ្ឈប់បុគ្គលិក ក្រុមហ៊ុនផ្គត់ផ្គង់ធំមួយឱ្យ Apple នៅវៀតណាម គ្រោងជួលកម្មករជាង ១សែននាក់នៅឆ្នាំនេះ
សេដ្ឋកិច្ច February 21, 2024 Khmernote

ក្រុមហ៊ុន Foxconn ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឱ្យក្រុមហ៊ុនយក្សរបស់អាមេរិក Apple ហើយមានមូលដ្ឋាននៅវៀតណាម គ្រោងនឹងជួលកម្មករជាង ១០៣​,០០០ នាក់នៅឆ្នាំនេះ សម្រាប់បម្រើការងារនៅរោងចក្ររបស់ពួកគេនៅភាគខាងជើងខេត្ត Bac Giang ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។

សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុន Foxconn ត្រូវការបុគ្គលិកចំនួន ១៥,០០០ នាក់សម្រាប់បំពេញការងារនៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងសួនឧស្សាហកម្ម Dinh Tram និង Quang Chau (IPs) ក្នុងឆមាសទីមួយនៃឆ្នាំនេះ និងចំនួន ១២,០០០ នាក់នៅក្នុងឆមាសទីពីរ។

ជាមួយគ្នានេះដែរ New Wing Interconnect Technology ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Foxconn ដែលមានមូលដ្ឋាននៅ Van Trung IP នឹងជួលកម្មករចំនួន ២៧,០០០ នាក់នៅឆ្នាំនេះ រួមទាំង ៦,០០០ នាក់ក្នុងរយៈពេលពីរខែខាងមុខ ខណៈ Fukang Technology ដែលជាអង្គភាពរបស់ Foxconn មួយផ្សេងទៀតដែលមានរោងចក្រនៅ Quang Chau IP ត្រូវការកម្មករចំនួន ១៣,៦០០ នាក់បន្ថែមទៀតនៅឆ្នាំនេះ។ ដោយឡែកក្រុមហ៊ុនផ្គត់ផ្គង់ Apple មួយផ្សេងទៀតគឺ Luxshare-ICT គ្រោងនឹងជួលកម្មករចំនួន ៤៧,៣០០ នាក់នៅរោងចក្ររបស់ខ្លួននៅ Quang Chau និង Van Trung IPs ។

គួរបញ្ជាក់ផងដែរថា Foxconn មាន​វត្តមាន​ក្នុង​ប្រទេស​វៀតណាម​តាំង​ពី​ឆ្នាំ២០០៧ ដោយ​បង្កើត​រោងចក្រ​នៅ​ខេត្ត Bac Ninh និង Bac Giang មុន​និង​ពង្រីក​ទៅ​ខេត្ត​ភាគ​ខាងជើង​មួយ​ចំនួន​ទៀត។ ផ្ទុយទៅនឹងការបញ្ឈប់ការងារយ៉ាងច្រើនកាលពីដើមឆ្នាំមុន រោងចក្រនានា កំពុងព្យាយាមរក្សាកម្លាំងពលកម្មរបស់ពួកគេនៅឆ្នាំនេះ ចាប់តាំងពីពួកគេមានការបញ្ជាទិញយ៉ាងច្រើន៕

អត្ថបទ៖ លីនី
ប្រភព៖ VNExpress