ក្រុមហ៊ុនជប៉ុនធំមួយ ដែលបោះទុនវិនិយោគនៅក្នុងប្រទេសជាង ៦៥ នៅលើពិភពលោក បានចុះមកពិភាក្សាការងារលើផែនការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នៅក្នុងប្រទេសម្ពុជា។
យោងតាមការចុះផ្សាយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Shigeo Fukuda ប្រធានគ្រប់គ្រងទូទៅផ្នែកតំបន់ឧស្សាហកម្មក្រៅប្រទេស របស់ក្រុមហ៊ុន Sumitomo Corporation Asia & Oceania ដោយក្នុងនោះមានការសម្របសម្រួលពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើទស្សនទាន និងស្ដាប់មតិយោបល់របស់វិនិយោគិនជំនាញអភិវឌ្ឍន៍សួនឧស្សាហកម្ម សម្រាប់ការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនិងនាយករដ្ឋមន្ត្រីជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ក្នុងទិសដៅធ្វើយ៉ាងណាឱ្យតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះអាចទាក់ទាញវិនិយោគិនជប៉ុនចូលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបានកាន់តែច្រើនបន្ថែមទៀត។
សូមជម្រាបថា ក្រុមហ៊ុន Sumitomo Corporation គឺជាក្រុមហ៊ុនជប៉ុនដែលវិនិយោគនៅក្នុងប្រទេសប្រមាណជាង៦៥ប្រទេស ជាមួយបុគ្គលិកសរុបប្រមាណ ៧៩ពាន់នាក់ ដែលវិនិយោគលើវិស័យ ផលិតផលដែក ប្រព័ន្ធដឹកជញ្ជូននិងសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធផ្សព្វផ្សាយ និងឌីជីថល អចលនទ្រព្យ និងធនធានរ៉ែ ថាមពល គីមី និងអេឡិចត្រូនិចជាដើម៕
ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
អត្ថបទ៖ លីនី