សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអ្នកចង់វិនិយោគដាំកញ្ឆានៅកម្ពុជា មិនបាច់ចំណាយពេលជិះយន្តហោះមកកម្ពុជានោះទេ សម្តេចមិនអនុញ្ញាតឱ្យនោះឡើយ
សេដ្ឋកិច្ច February 21, 2024 Khmernote

កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។

នាឱកាសនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាថ្មីម្តងទៀតមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះឡើយ ហើយក៏បានផ្តាំទៅអ្នកចង់វិនិយោគដាំកញ្ឆានៅកម្ពុជា មិនបាច់ចំណាយពេលជិះយន្តហោះមកកម្ពុជានោះទេ សម្តេចមិនអនុញ្ញាតឱ្យនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «រឿងនេះខ្ញុំធ្លាប់បញ្ចេញសារតាម Facebook ម្តងហើយ ប៉ុន្តែប្រហែលជាមានអ្នកមិនទាន់ទទួលបានសារ ព្រោះមានថ្មីៗនេះមាន ២ ទៅ ៣នាក់ទៀត ចេះតែមកសួរខ្ញុំ សុំច្បាប់វិនិយោគដាំកញ្ឆា គេថាអាហ្នឹងដាំឥលូវដើម្បីបម្រើឱ្យវិស័យសុខាភិបាល ស្រុកគេធ្វើ ប្រទេសជិតខាងយើងក៏ធ្វើ តែគេធ្វើរឿងរបស់គេ សម្រាប់ខ្ញុំ ខ្ញុំប្រាប់ថាដរាបណា ហ៊ុន ម៉ាណែត នៅជានាយករដ្ឋមន្ត្រី ច្បាប់នេះខ្ញុំអត់ឯកភាពទេ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា សម្រាប់ការដាំកញ្ឆានេះ គឺពិបាកមាន២ រឿងទី១ រឿងការគ្រប់គ្រង ដោយសម្តេចបញ្ជាក់ថា សម្តេចបានមើលព័ត៌មានមួយនៅអាមេរិក ដែលជាប្រទេសមហាអំណាច ដោយមានរដ្ឋខ្លះឱ្យច្បាប់ដាំ តែគ្រប់គ្រងមិនរួចទេ ដោយសារតែបញ្ហាគ្រប់គ្រងការប្រើប្រាស់មិនបាន ហើយសម្រាប់ការឱ្យអាជ្ញាបណ្ណដាំតិចទេ តែមានមិនចេះអស់ ដោយសារតែការលួចកាប់ពីកន្លែងផ្សេងៗ ហើយយកមកបញ្ចេញតាមច្រកស្របច្បាប់នេះ ហើយរឿងទី២ រឿងកញ្ឆានេះគឺពាក់ព័ន្ធនឹងគ្រឿងញៀន ហើយវាមានតម្លៃថោក និងងាយស្រួលរកសម្រាប់អ្នកប្រើប្រាស់ ហើយវាអាចចាប់ផ្តើមគ្រឿងពីនេះទៅ។ អ៉ីចឹងសម្រាប់កម្ពុជា ខ្ញុំថា មិនចំណេញអ្វីនោះទេ វាមិនចំនេញអីរហូតទៅចាំបាច់ធ្វើការវិនិយោគដីរាប់ម៉ឺនហិចតាដើម្បីដាំកញ្ឆា ទៅផ្គត់ផ្គង់កន្លែងផលិតថ្នាំពេទ្យនៅបរទេសនោះទេ។ អ៉ីចឹង សរុបសេចក្ដី ហើយខ្ញុំសូមជូនសារទៅផង អ្នកដែលចង់វិនិយោគមកពីក្រៅប្រទេស សុំមកដាក់ទុនធ្វើការវិនិយោគដាំកញ្ឆានៅកម្ពុជា កុំចំណាយពេលវេលា ជិះយន្តហោះមកអី អត់ប្រយោជន៍នោះទេ មិនបាច់មកទេ៕