ពេញមួយឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រកចំណូលចូលរដ្ឋ បានចំនួន ៩ ២៦៧,៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨,២៧ លានដុល្លារអាម៉េរិក) ថយចុះប្រមាណ ១៥,៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។
តួលេខខាងលើនេះ ត្រូវបានបង្ហាញដោយឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅទូទាំងប្រទេស កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរាយការណ៍ពីលទ្ធផលការងារសំខាន់ៗមួយចំនួនដែលសម្រេចបានក្នុងឆ្នាំ២០២៣ ក្នុងនោះ ចំណូលប្រមូលបានក្នុងឆ្នាំ២០២៣ មានចំនួន ៩ ២៦៧,៤៨ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ២៨៨,២៧ លានដុល្លារអាម៉េរិក) ថយចុះប្រមាណ ១៥,៧% ធៀបនឹងចំណូលក្នុងឆ្នាំ២០២២។ លទ្ធផលនេះសម្រេចបាន ៨២,៤% នៃផែនការដែលកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់ថា ការប្រមូលចំណូលពុំបានសម្រេចតាមផែនការដូចនេះបណ្ដាលមកពីកត្តាប្រឈមធំៗមួយចំនួន ជាពិសេស ការធ្លាក់ចុះទីផ្សារមុខទំនិញយានយន្តដែលកន្លងមកជាប្រភពចំណូលសំខាន់របស់ អគរ, កំណើនជាបន្តបន្ទាប់ទាំងវិសាលភាពនិងភាពស៊ីជម្រៅនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ការរីកលូតលាស់នៃផលិតកម្មក្នុងស្រុកជំនួសការនាំចូល, និងការបន្តកើតមាននូវសកម្មភាពរត់គេចពន្ធដែលកាន់តែស្មុគស្មាញនិងជ្រកក្រោមរូបភាពថ្មីៗ ជាដើម៕





អត្ថបទ៖ លីនី


