ដំណឹងល្អ! ក្រុមហ៊ុនចំនួន ២៤ នឹងនាំយកឱកាសការងារជាច្រើនទៅចូលរួមតាំងបង្ហាញ នៅក្នុងវេទិកាការងារ និងសិក្ខាសាលាមួយនៅថ្ងៃទី២០ ខែកុម្ភៈ ខាងមុខនេះ
សេដ្ឋកិច្ច February 16, 2024 Khmernote

ក្រុមហ៊ុនចំនួន ២៤ នឹងនាំយកឱកាសការងារជាច្រើនទៅចូលរួមតាំងបង្ហាញ នៅក្នុងវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល នាថ្ងៃទី២០ ខែកុម្ភៈ នាពេលខាងមុខនេះ។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹងសហការគ្នារៀបចំវេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារក្នុងយុគសម័យឌីជីថល នាថ្ងៃទី២០ ខែកុម្ភៈ នាពេលខាងមុខនេះ នៅទីតាំងសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។

នាឱកាសនោះ យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមត្រៀម CV ដើម្បីដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំង ២៤ ដែលនឹងនាំយកឱកាសការងារជាច្រើនទៅចូលរួមតាំងបង្ហាញ។ យុវជន ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលនឹងមានការចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ល្អៗ និងគន្លឹះសំខាន់ៗ ពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារ ក៏ដូចជាការត្រៀមខ្លួនដាក់ពាក្យស្វែងរកការងារ។

ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕

អត្ថបទ៖ លីនី