នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី “បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា”។
ក្នុងឱកាសនោះដែរ សម្ដេចធិបតី បានប្រកាសថា រាជរដ្ឋាភិបាលបានត្រៀមថវិកាជាង ១០០លានដុល្លារអាមេរិក សម្រាប់ទុកជួយអន្តរាគមន៍ដល់វិស័យកសិកម្ម នៅពេលដែលប្រជាកសិករ មានបញ្ហាប្រឈមនានា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «ការដាក់ចេញយន្តការណ៍សម្របសម្រួលកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតទីផ្សាររក្សាលំនឹងកសិផលផ្សេងៗ ដែលយើងគ្រោង ១០០លានដុល្លារនោះ គឺដើម្បីជួយកសិករដែលមានការប្រឈមមួយចំនួន ដើម្បីរក្សាតម្លៃ មិនមែនទៅចិញ្ចឹមកសិករទេ តែយើងទៅអន្តរាគមន៍ជួយនៅក្នុងការចាំបាច់មួយចំនួន ដើម្បីឱ្យគាត់មានលំនឹង ហើយឱ្យគាត់រស់នៅរឹងដៃរឹងជើង។ ឆ្នាំនេះស្រូវឡើងថ្លៃល្អ ព្រោះយើងតាមដានទឹក បញ្ហាទឹក ការប្រើប្រាស់ទឹក ហើយការបង្កបង្កើនផល នៅពោធិ៍សាត់មួយ គ្រាន់តែធ្វើលើសផែនការ អ៉ីចឹងយើងដោះជូនគាត់ ទាំងបញ្ហាទឹក និងបញ្ហាផ្សេងៗ»៕





អត្ថបទ៖ លីនី


