ភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបក្នុងខែមករាឆ្នាំនេះ កើនឡើងជិត ៥០ភាគរយ បើធៀបនឹងខែមករាឆ្នាំមុន
ទេសចរណ៍ February 5, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបក្នុងខែមករា កន្លងទៅនេះ កើនឡើងជិត ៥០ភាគរយ បើធៀបនឹងខែមករាឆ្នាំមុន ខណៈចំនួនភ្ញៀវទេសចរជាតិថយចុះ។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែ នាខែមករា ដើមឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្តរជាតិ ទស្សនាក្នុងភូមិសាស្ត្រខេត្តសៀមរាបក្នុង ចំនួន ១១៥.៥៣២នាក់ មានការកើនឡើងជាង ៤៩ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលចំនួន ៧៧.៤៣៦នាក់ ប៉ុន្តែភ្ញៀវទេសចរជាតិ ថយចុះជាង២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះខែមករាឆ្នាំនេះ មានចំនួន ១៥៣.៩០០នាក់ នាក់ និង ខែមករាឆ្នាំមុន មានចំនួន ២០៦.០០០នាក់។

របាយការណ៍បន្ថែមថា ក្នុងចំណោមភ្ញៀវទេសចរជាតិនិងអន្តរជាតិជិត ២៧ម៉ឺននាក់នោះ ពួកគាត់បានមកទស្សនាកម្សាន្តនៅតាមតំបន់ប្រាសាទ តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន តំបន់រមណីយដ្ឋានធម្មជាតិក្បាលស្ពាន តំបន់បឹងទន្លេសាប និង រមណីយដ្ឋានសហគមន៍តាមបណ្តាក្រុងស្រុក រួមទាំងរមណីយដ្ឋានកែច្នៃផ្សេងៗជាច្រើនកន្លែងទៀត ៕

អត្ថបទ និងរូបភាព៖ លោក ម៉ី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ
ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប