ក្រុមហ៊ុន VINCI Airports គ្រោងនឹងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយបង្កើតចំណតស្ថានីយថ្មី (New Terminal) ដែលតាមផែនការ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។
បើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Emmanuel MENANTEAU ប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports ដើម្បីពិភាក្សាអំពីកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។
ជំនួបនាឱកាសនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងគោរពស្នើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងគម្រោងវិនិយោគអាកាសយានដ្ឋាន។ ក្នុងកិច្ចប្រជុំនេះ លោកប្រធាន បានជ្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផងដែរអំពីគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយបង្កើតចំណតស្ថានីយថ្មី(New Terminal) ដែលតាមផែនការ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ខាងមុខនេះ។
ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ ២៥ឆ្នាំនៅកម្ពុជា លើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន ដោយក្នុងនោះអាកាសយានដ្ឋានចំនួន៣ដែលក្រុមហ៊ុនធ្លាប់បាននិងកំពុងមានប្រតិបត្តិការនៅប្រទេសកម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធនៃ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការវិនិយោគគម្រោងសម្បទាននានា គ្របដណ្ដប់លើសេវាកម្មដូចជា៖ VINCI Airports, VINCI Highways, VINCI Railways, VINCI Construction, VINCI Transport Infrastructure និង VINCI Energy៕




អត្ថបទ៖ លីនី


