ក្រុមហ៊ុន Kibing ដែលជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោកសម្រាប់ការផលិតកញ្ចក់សូឡា បានចុះមកពិភាក្សាការងារនិងស្នើសុំយោបល់ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចុះទៅទស្សនកិច្ចនៅក្រុមហ៊ុនធំមួយនេះនៅឯប្រទេសម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ។
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញទទួលជួបជាមួយលោក Shao Ruibin អ្នកគ្រប់គ្រងទូទៅគម្រោងអន្តរជាតិ នៃក្រុមហ៊ុន Kibing ដើម្បីផ្ដល់ការណែនាំពាក់ព័ន្ធនឹងឱកាសវិនិយោគនៅកម្ពុជា។
សូមជម្រាបថា ក្រុមហ៊ុន Kibing Group (M) Sdn.Bhd. បង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដែលប្រតិបត្តិការលើការផលិត និងផ្តល់ដំណោះស្រាយលើវិស័យកញ្ចក់គ្រប់ប្រភេទធំមួយនៅក្នុងប្រទេសចិន មានបុគ្គលិកប្រមាណ១៥០០០នាក់នៅទូទាំងពិភពលោក។ ក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងពិភពលោកសម្រាប់ការផលិតកញ្ចក់សូឡា៕




អត្ថបទ៖ លីនី


