គម្រោងវិនិយោគចំនួន ៣២ សរុបតម្លៃជាង ១៨៧លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែមករាកន្លងទៅនេះ
សេដ្ឋកិច្ច February 2, 2024 Khmernote

កាលពីខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីក ផលិតកម្មចំនួន ៣២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ១៨៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ២៩ពាន់កន្លែង។ នេះបើយោងតាមការចុះរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន៖ (១) គម្រោងបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ (២) គម្រោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូ, កង់,រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬសាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល (៣) គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម, ដែក, និងទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និង (៤) គម្រោងបង្កើតរោងចក្រតម្បាញ ក្រណាត់ និងកាត់ដេរសម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែមករា ឆ្នាំ២០២៤ ទុនវិនិយោគប្រមាណជាង ៧៨% មានប្រភពមកពី ប្រទេសចិន, ៩,៦៥% មកពីប្រទេសសិង្ហបុរី, ៥,៣៤% មកពីសហរដ្ឋអាម៉េរិក, ៣,៥៥% មកពីសាធារណរដ្ឋកូរ៉េ, និង ២,៧៣% មកពីប្រភពក្នុងស្រុក៕

អត្ថបទ៖ លីនី
ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា