ក្នុងឆ្នាំ២០២៣ ពន្ធដារប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បាន ៧៥លានដុល្លារ ខណៈបច្ចុប្បន្នមានក្រុមហ៊ុន៨៤ បានចុះបញ្ជីអាករលើតម្លៃបន្ថែម
សេដ្ឋកិច្ច February 1, 2024 Khmernote

ក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) បានប្រមាណ ៧៥លានដុល្លារ ខណៈបច្ចុប្បន្ននេះមាន ក្រុមហ៊ុនចំនួន ៨៤ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ។ នេះបើយោងតាម ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខៈ៤៤ របស់អគ្គនាយកដ្ឋានពន្ធ ដែលបានចុះផ្សាយនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ បានបញ្ជាក់ថា ក្នុងបដិវត្តឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចឌីជីថលកំពុងមានការរីកលូតលាស់ឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះការធ្វើពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពិសេសការធ្វើប្រតិបត្តិការពាណិជ្ជកម្ម រួមទាំងប្រតិបត្តិករ ថ្នាលអេឡិចត្រូនិក (Electronic platform Operator) ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈកំណើននៃវិស័យនេះ ក្នុងរយៈពេល ១២ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពីប្រតិបត្តិការពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិក បានចំនួន ៣០៥,៨៣ ប៊ីលានរៀល ស្មើនឹង ៧៥,៥២ លានដុល្លារ ក្នុងនោះចំណូលប្រមូលបានពីអនិវាសនជនដែល បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) មានចំនួន ៨៤,៩៦ ប៊ីលានរៀល ស្មើនឹង ២០,៩៨ លានដុល្លារ និងចំណូលប្រមូលបានពីនិវាសនជនតាមវិធីសាស្ត្រគិតអាករជំនួស (VAT Reverse Charge) មានចំនួន ២២០,៨៧ ប៊ីលានរៀល ស្មើនឹង ៥៤,៥៤ លានដុល្លារ។

សូមបញ្ជាក់ផងដែរថា អនុលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្ដើមប្រមូលអាករលើតម្លៃ បន្ថែមពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ចាប់ពីខែមេសា ឆ្នាំ២០២២ ហើយគិតមកដល់បច្ចុប្បន្ននេះមាន ក្រុមហ៊ុនចំនួន ៨៤ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ដែលមានជាអាទិ៍ META, GOOGLE, YOUTUBE, TIK TOK, NETFLIX… ជាដើម៕

អត្ថបទ៖ លីនី