យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់មានចំនួន ៣៦២ អគារ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់ ខណៈដែលអគារត្រូវបានសាងសង់រួចរាល់ប៉ុន្តែពុំទាន់បានដំណើរការមានចំនួន ១៧៦ អគារ។ការគូសបញ្ជាក់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ កម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា ខេត្តព្រះសីហនុត្រូវបានចាត់ទុកជាខេត្តមួយដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់របស់ប្រទេសកម្ពុជា ដែលខេត្តមួយនេះ មានឆ្នេរសមុទ្រដ៏ស្រស់ស្អាតសម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងមានទីតាំង ធនធាន ហេដ្ឋារចនាសម្ព័ន្ធ និងតំបន់សេដ្ឋកិច្ចពិសេសធំៗ អំណោយផលដល់ការជំរុញសកម្មភាពធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងផលិតកម្ម ព្រមទាំងអាចបង្កលក្ខណៈងាយស្រួលដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលឱ្យហក់ឡើងខ្ពស់ផងដែរ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ឈរលើមូលដ្ឋានខាងលើនេះហើយ ទើបរាជរដ្ឋាភិបាល បានដាក់ចេញនៅក្នុងឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ នូវទិសដៅអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង សំដៅប្រែក្លាយខេត្តមួយនេះទៅជាប៉ូលសេដ្ឋកិច្ចឈានមុខ និងជាក្បាលម៉ាស៊ីនដ៏សំខាន់មួយក្នុងប្រទេសសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៦ មកការវិនិយោគក្នុងខេត្តព្រះសីហនុមានសន្ទុះកើនឡើងយ៉ាងគំហុក ជាពិសេសមានការរីកដុះ ដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើននូវសំណង់អគារជា សណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ និងកន្លែងស្នាក់នៅ។ល។ តែទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ២០១៩ និងបន្តមកទៀតការផ្លាស់ប្តូរ ផ្នែកសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឱ្យសំណង់អគារជាច្រើនត្រូវបានផ្អាក ឬបញ្ឈប់ដំណើរសាងសង់តែម្តង។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ដើម្បីស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់មានជាអាទិ៍ ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ការកសាងផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំង ខេត្ត ជាពិសេសការដាក់ចេញនូវវិធានការជាកញ្ចប់ដើម្បីដោះស្រាយគម្រោងវិនិយោគជាប់គាំងកាលពីខែ មីនា ឆ្នាំ២០២៣ ដែលរួមបញ្ចូលនូវវិធានការទូទៅ និងវិធានការលើកទឹកចិត្តសម្រាប់អនុវត្តន៍រហូតដល់ឆ្នាំ២០២៦ផងដែរ៕
(រូបតំណាង)
(រូបតំណាង)
ប្រភព៖ ក្រសួងព័ត៌មាន


