ក្រុមហ៊ុនកូរ៉េ សរសើរផលិតផលកសិកម្មខ្មែរថាមាន​គុណភាពខ្ពស់ រសជាតិឆ្ងាញ់ ធ្វើឱ្យប្រជាជនកូរ៉េចូលចិត្តបរិភោគ ហើយចាប់ចិត្តចង់វិនិយោគលើដំណាំ និងវារីវប្បកម្ម ជាច្រើនមុខទៀតនៅកម្ពុជា
សេដ្ឋកិច្ច January 29, 2024 Khmernote

ក្រុមហ៊ុនកូរ៉េ បានកោតសរសើរពីផលិតផលកសិកម្មកម្ពុជា ថាមាន​គុណភាពខ្ពស់ រសជាតិឆ្ងាញ់ ធ្វើឱ្យប្រជាជនកូរ៉េចូលចិត្តបរិភោគ ហើយចង់វិនិយោគទៅលើដំណាំកសិកម្មនៅកម្ពុជាក្នុងនោះរួមមាន៖ ម្រេច ស្វាយសម្ងួត ចេកឆាប ជាពិសេសល្ង (ប្រេងល្ង) វារីវប្បកម្ម ដើមគកែច្នៃ និងដើមកៅស៊ូកែច្នៃជាដើម។

ថ្លែងក្នុងជំនួបពិភាក្សាជាមួយ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ថ្មីៗនេះ ក្រុមហ៊ុនកូរ៉េ បានបង្ហាញ ចំណាប់អារម្មណ៍ ទៅលើផលិតផលសក្តានុពលរបស់កម្ពុជា មានដូចជា៖ ម្រេច ស្វាយសម្ងួត ចេកឆាប ជាពិសេសល្ង (ប្រេងល្ង) វារីវប្បកម្ម ដើមគកែច្នៃ និងដើមកៅស៊ូកែច្នៃជាដើម ។ បន្ថែមពីលើនេះ ភាគីក្រុមហ៊ុនបានកោតសរសើរពីផលិតផល កសិកម្មកម្ពុជា ដែលមាន​គុណភាពខ្ពស់ រសជាតិឆ្ងាញ់ ធ្វើឱ្យប្រជាជនកូរ៉េចូលចិត្តបរិភោគ។ ដោយមើលឃើញពីសក្តានុពលវិនិយោគទាំងនេះហើយ ក្រុមហ៊ុន​មានបំណងមិនត្រឹមតែចង់នាំចូល ទៅកាន់ទីផ្សារកូរ៉េប៉ុណ្ណោះទេ ថែមទាំងចង់ពង្រីកការនាំចូល ផលិតផលកសិកម្មកម្ពុជា​ទៅ​កាន់ទីផ្សារជប៉ុន និងទីផ្សារចិនផងដែរ។

ជាការឆ្លើយតប ឯកឧត្តមប្រាក់ ដាវីដ បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនកូរ៉េ ដែលបានមើលឃើញនូវសក្តានុពលនៃដំណាំកសិកម្ម របស់កម្ពុជាសម្រាប់ធ្វើការកែច្នៃ និងនាំចេញ ដែលអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនក្រោម​ក្របខណ្ឌ​កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ កម្ពុជា-ចិន និងពិសេស កិច្ចព្រមព្រៀង RCEP។

ជាមួយគ្នានោះ ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុនបន្តការសិក្សា និងវិភាគ សេដ្ឋកិច្ច លើដំណាំកសិកម្មមួយចំនួន ជាពិសេស​ដំណាំល្ង ។ បន្ទាប់ពីធ្វើការសាកល្បង ប្រសិនបើជោគជ័យ និងមានផលចំណេញ សេដ្ឋកិច្ចខ្ពស់ ជាងដំណាំផ្សេងៗ នោះក្រសួងកសិកម្ម នឹងបន្តធ្វើការសម្របសម្រួលបន្ថែម​ឱ្យ​គម្រោងនេះអាចផ្សារភ្ជាប់ជាមួយ សហគមន៍កសិកម្ម​បែបថ្មី​នៅកម្ពុជា ។ ក្រសួងក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការ​ស្វែងរកដៃគូដែលមានដីសមស្រប ដើម្បីអភិវឌ្ឍន៍​គម្រោង​កសិកម្មរបស់ខ្លួននៅកម្ពុជា។

សូមជម្រាបផងដែរថា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Kim Moon Baik អនុប្រធានសមាគម Korean Senior Citizens Association of Cambodia និងក្រុមហ៊ុន​ដៃគូសហការកូរ៉េ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ លីនី