ក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង CAMKO INFRACORE បង្ហាញទិសដៅរបស់ខ្លួនក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់នៅលើផេកផ្លូវការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម្សិលមិញនេះ។
ថ្លែងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញទស្សនៈវិជ្ជមានអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍឥតឈប់ឈរ រួមជាមួយរោងចក្រវិនិយោគថ្មីៗជាច្រើន ហើយកម្ពុជាអាចរក្សាបាននូវបរិយាសកាសគុណភាពខ្យល់ល្អ ដែលនេះក៏ស្របតាមទិសដៅរបស់ក្រុមហ៊ុន CAMKO MOTOR និងក្រុមហ៊ុន CAMKO INFRACORE ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជា ដោយអនុវត្តលើការការពារបរិស្ថានផងដែរ។ ក្នុងនោះ ក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការតម្លេីងរថយន្តម៉ាក Hyundai និងផលិតខ្សែភ្លេីងអគ្គិសនីសម្រាប់រថយន្ត ដេីម្បីនាំចេញ។ ចំណែកឯក្រុមហ៊ុន CAMKO INFRACORE បានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។
ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម Chung Sye-kyun ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា បន្ថែមពីនេះតបលើការលើកឡើងអំពីគុណភាពខ្យល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបផងដែរអំពីទិសដៅរបស់កម្ពុជាក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៃថាមពលប្រើប្រាស់សរុបសម្រាប់ឆ្នាំ២០២៤។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យឯកឧត្តម Chung Sye-kyun ជួយសម្របសម្រួល និងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េ ក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរ៕









អត្ថបទ៖ លីនី


