យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា តាមរយ:ការចុះសិក្សាវាយតម្លៃ ជាមួយកសិករទាំងអស់ ការប្រើពូជស្រូវសុទ្ធ ពិសេសស្រូវផ្ការំដួលសុទ្ធ នាំមកនូវអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការកើនផល ១៥ភាគរយ កាត់បន្ថយការប្រើពូជបានប្រមាណ ៣០ភាគរយ ងាយស្រួលលក់ និងបានតម្លៃខ្ពស់។
ការលើកឡើងពីសំណាក់ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បែបនេះធ្វើឡើងក្នុងពិធីជួបប្រជុំជា មួយមន្រ្តីកសិកម្មឃុំ នៅឃុំសាកល្បង ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ដើម្បីវាយតម្លៃលើការកសាងប្រព័ន្ធពូជសុទ្ធផ្ការំដួល ។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ មន្រ្តីកសិកម្មឃុំបានគាំទ្រកសិករចំនួន ២២២គ្រួសារ ឱ្យបានចូលរួមប្រើពូជសុទ្ធ ពីស្រូវផ្ការំដួល។
ជាមួយគ្នានេះឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងដែរថា នៅរដូវខាងមុខចំនួនកសិករប្រើពូជសុទ្ធទាំង១០ឃុំ អាចកើនឡើងដល់ ១០០០គ្រួសារ។ តាមរយៈលទ្ធផល និងបទពិសោធន៍នៅស្រុកជើងព្រៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្កើនការជំរុញការប្រើពូជសុទ្ធឱ្យបានទូលំទូលាយទូទាំងប្រទេស តាមរយ:មន្រ្តីកសិកម្មឃុំ ដែលទើបរើសបានចំនួន ២៥០រូប និងរើសបន្ថែម ៨០០រូបទៀត នៅក្នុងឆ្នាំ២០២៤នេះ៕


ប្រភព៖ ក្រសួងព័ត៌មាន


